ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់ចេញ នូវសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃបំរាមគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការនគរបាលរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តបានល្អប្រសើរ ហើយប្រជាពលរដ្ឋ ក៏បានចូលរួមយ៉ាងសកម្មផងដែរ ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ការអនុវត្តនូវសេចក្តីសម្រេច លេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការប៉ូលីសរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះ បានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋ ក៏បានចូលរួម យ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្ត គឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរ លើដងផ្លូវនោះទេ” ។
ទោះបីជាមានភាពល្អប្រសើរក៏ដោយ ប៉ុន្តែលោក ឃួង ស្រេងក៏បានទទួលស្គាល់ថា នៅមានចំណុច ចន្លោះប្រហោងមួយចំនួន ដោយសារតែនៅ តាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនៅឡើយ ។
ដោយពិនិត្យឃើញបែបនេះ លោកអភិបាលរាជធានីភ្នំពេញ បានស្នើអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអាជាធរខណ្ឌទាំង១៤ ធ្វើការណែនាំបន្តឲ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០៥ពង្រឹងបន្ថែមទៀត ដល់ភូមិ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួម សំដៅឈានទៅកាត់ផ្តាច់ឬសគល់ ជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី ដែលតា (DETA) ឲ្យបាន។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់បំរាមគោចរ ក្នុងភូមិសាស្ត្ររាជធានីរយៈពេល១៤ ថ្ងៃ ចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ លោកថា ចំពោះអ្នកល្មើសត្រូវឃាត់ទាំងមនុស្ស ទាំងយានយន្ត និងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា រយៈពេល៤ថ្ងៃ នៃការអនុវត្តបំរាមគោចរនេះ កម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ឃាត់យានយន្តគ្រប់ប្រភេទ បានចំនួន១០៥៣គ្រឿង ក្នុងនោះរថយន្តចំនួន ១០៧ គ្រឿង ។ អាជ្ញាធរក៏បានផាកពិន័យយានយន្តចំនួន២៦៣គ្រឿង ក្រៅពីនោះបញ្ជូនទៅរក្សាទុក តាមបណ្ដាខណ្ឌនីមួយៗ ។
លោកថា ចំពោះបំរាមគោចរនេះ មិនមានការលើកលែង ឬអប់រំនោះទេ ទោះបីជាមន្ត្រីរាជការក៏ដោយ បើពួកគាត់មិនមានកាតព្វកិច្ចដើម្បីបំពេញការងារ ធ្វើដំណើររហេតរហូត ត្រូវតែឃាត់ និងធ្វើការផាកពិន័យ ដូចប្រជាពលរដ្ឋទូទៅដែរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ៕