ព័ត៌មានជាតិ

កុងស៊ុលកិត្តិយសអេស្ប៉ាញនៅកម្ពុជា គោរពសុំសម្តេចជួយផ្តល់យុត្តិធម៍អំពី វិវាទដីធ្លីនៅអរិយក្សត្រ(Video)

កាលពីថ្ងៃទី ៣ ខែ សីហា លោក ហាបៀរ សឡា (Fco. Javier Sola Marti) ដែលបានចូលសញ្ជាតិខ្មែរមានឈ្មោះ ជូលីន សព្វថ្ងៃជាទីប្រឹក្សាបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ និងជាតំណាងកុងស៊ុលកិត្តិយសនៃប្រទេសអេស្ប៉ាញនៅកម្ពុជា បានស្នើសុំសម្តេចតេជោមេត្តាជួយផ្តល់យុត្តិធម៌ ដល់រូបគាត់លើករណីវិវាទដីធ្លីទំហំ (២៦មx ៧១ម) ដែលគាត់បានទិញពីប្រជាពលរដ្ឋខ្មែរនៅអំឡុងឆ្នាំ ២០១៤ នៅតំបន់អរិយក្សត្រ ខេត្តកណ្តាល។    

លោក ហាបៀរ សឡា បានព្យាយាមស្នើសុំអាជ្ញាធរមូលដ្ឋានអោយមាន ដំណោះស្រាយជូនគាត់និងប្រជាពលរដ្ឋ៩គ្រួសារផ្សេងទៀត ដែលកំពុងមានវិវាទដូចៗគ្នានៅដីជាប់ៗគ្នា។ ប៉ុន្តែមិនមានលទ្ធផល។ គាត់បានប្រាប់ថា មានឈ្មោះ សាន បានយកបង្គោលទៅបោះព័ទ្ធលើដីពួកគាត់ហើយប្រាប់ថាដីទាំងនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍តាមមាត់ទន្លេដែលមាន ឧកញ៉ាម្នាក់ទទួលសិទ្ធិរួចហើយ។ 

លោក ហាបៀរ សឡា បានបញ្ជាក់ថា ប្រសិនបើមានមែន គឺប្រាកដជាមានការជូនដំណឹង ជាមួយនឹងគោលនយោបាយដោះស្រាយច្បាស់លាស់ ជូនពួកគាត់មិនខាន ព្រោះកន្ទុយដីនេះជាដីអាស្រ័យផលរបស់ពួកគាត់ជាយូរឆ្នាំមកហើយ។ ទន្ទឹមនឹងនោះគាត់ បានបញ្ជាក់ប្រាប់ខ្ញុំថា តាមដែលគាត់បានឃើញ សជណ កន្លងមកគឺគ្របដណ្តប់តែលើទីតាំងភូមិ២ គឺភូមិអរិយក្សត្រ និងភូមខ្សាច់ រីឯដីពួកគាត់៩គ្រួសារទៀតគឺស្ថិតនៅភូមិពោធិធំ។ 

លោក ហាបៀរ សឡា ប្រាប់ខ្ញុំថាគាត់គោរពស្រឡាញ់ប្រទេសកម្ពុជា ហើយសព្វថ្ងៃក៏មានភរិយាជាជនជាតិខ្មែរ គាត់ចង់រស់នៅទីនេះ អស់មួយជីវិត។ លោក ហាបៀរ សឡា សង្ឃឹមថានឹងមិនមានអ្វីអាក្រក់ កើតមានឡើងចំពោះរូបគាត់ឡើយ។ ខ្ញុំនឹងពិនិត្យសំណើនេះជូនគាត់ ថាតើរឿងពិតប្រាកដនោះយ៉ាងណាទៅវិញ? 

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ ប្រភព៖ ហ្វេសប៊ុកផេក Duong Dara

To Top