ព័ត៌មានជាតិ

បាភ្នំ ជាអតីតរាជធានីនគរភ្នំ ដែលជាទីកំណើតស្នេហ៍ រវាងព្រះអង្គម្ចាស់ឥណ្ឌា ហ៊ុន ទាន និងព្រះនាង លីវយី

ភ្នំពេញ ៖ ឈើកាច់បាភ្នំ ស្ថិតនៅខេត្តព្រៃវែង ។ ពីអតីតកាលដ៏យូរលង់មកហើយ បាភ្នំជារាជធានីនៃនគរភ្នំ មានចម្ងាយ៥០០លី (២០០គម.) ពីកំពង់ផែអូកែវ ដែលក្រោយមក ស្តេច ហ៊ុន ប៉ានហួន បានកសាងរាជធានីនៅក្បែរភ្នំនេះ ដោយដាក់ឈ្មោះថា “វិជ័យហភុរៈ”​(Vyādhapura)​​។ នេះបើតាមការស្រាវជ្រាវពីលោក ឥន្ទ សុផល ជាអ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ។

លោក ឥន្ទ សុផល បានស្រង់ចេញពីក្នុងកំណត់ត្រារបស់លោក កាង តៃ ជាឯកអគ្គរាជទូតចិនថា លោក កាង តៃ មកបំពេញបេសកកម្មនៅនគរភ្នំ ក្នុងអំឡុងឆ្នាំ២៤០គ.ស ដោយគូសបញ្ជាក់ថា “នគរភ្នំ” ដែលភាសាចិនហៅ “ហ្វ៊ូណន” នោះ គឺស្តេចខ្មែរបានយកតាមឈ្មោះ “ភ្នំបាភ្នំ” ព្រោះជាភ្នំដ៏ពិសិដ្ឋរបស់នគរ។

លោក ឥន្ទ សុផល បន្តថា មូលហេតុព្រះមហាក្សត្រខ្មែរជ្រើសតំបន់នេះ ធ្វើជារាជធានី ដោយសារងាយស្រួលទំនាក់ទំនងជាមួយកំពង់ផែអូកែវ ព្រោះនៅជាប់ទន្លេមេគង្គដែលជាខ្សែទឹកមេ ភ្ជាប់ទៅទន្លេបាសាក់ និងទន្លេផ្សេងទៀតជាច្រើន ដែលជាផ្លូវយុទ្ធសាស្ត្រការពារមិនឲ្យសត្រូវវាយចូលមកបាន គឺត្រូវកងទ័ពខ្មែរវាយស្ទាក់ជាប់នៅតំបន់ Mekong Delta ដែលជាផ្លូវទឹកដ៏ស្មុគស្មាញ។

ជាមួយគ្នានេះដែរ លោកបានស្រាវជ្រាវបន្តថា បាភ្នំ ក៏ជាទឹកដីនៃកំណើតស្នេហ៍រវាងព្រះអង្គម្ចាស់ឥណ្ឌាព្រះនាម ហ៊ុន ទាន (កៅណ្ឌិន្យ) និងព្រះនាងលីវយី (សោម៉ា) ដែលជាបុត្រីម្ចាស់នគរភ្នំ (ឯកសារខ្លះថាជាព្រះមហាក្សត្រីយ៍ ប៉ុន្តែឯកសារឥណ្ឌាថា ជាបុត្រីម្ចាស់នគរភ្នំ)។ បាភ្នំនេះ ក៏ពាក់ព័ន្ធជាមួយរឿងព្រេងខ្មែរ “ព្រះថោងនាងនាគ នគរគោកធ្លក” ដែលនិយាយពីដើមកំណើតនគរភ្នំដែរ។

សម្រាប់ពាក្យ “ហ្វ៊ូនណន” លោកថា ចិនបានហៅតាមកំណត់ត្រារបស់ឯកអគ្គរាជទូតចិន កាង តៃ បានហៅ “នគរភ្នំ” នេះរហូតមកដែលអ្នកប្រវត្តិសាស្ត្រភាគច្រើន បានដកស្រង់ចេញពីឯកសារចិន ហេតុនេះក៏ហៅ នគរភ្នំថា “ហ្វ៊ូណន” រហូតមក។ ចូលមកដល់សតវត្សរ៍ទី៦ ក្នុងរជ្ជកាលរបស់ព្រះបាទរុន្ទ្រវរ្ម័ន បានប្តូររាជធានី មកអង្គរបុរី នៅជិតភ្នំដា ។

លោក ឥន្ទ សុផល បានផ្ញើសារទៅឈ្មួញមួយចំនួនថា “តិចនាំគ្នាជីកគាស់ថ្មភ្នំលក់អស់ទៅ!”។ យ៉ាងណាលោកថា គួរអភិរក្ស និងកែច្នៃតំបន់ឈើកាច់បាភ្នំនេះឲ្យក្លាយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់បង្ហាញពីដើមកំណើតខ្មែរ ដែលចាប់ផ្តើមចេញពីតំបន់នេះ៕

To Top