ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រុមឧក្រិដ្ឋជន​ យកឱកាសកូវីដ-១៩ ដើម្បីនាំចូលគ្រឿងញៀន (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ទោះបីកូវីដ-១៩ ក៏ដោយ ក៏ក្រុមឧក្រិដ្ឋជន ឆក់យកឱកាស ពេលនេះដើម្បីលួចផលិត និងនាំចូលសារធាតុញៀន ដូច្នេះ កម្លាំងសមត្ថកិច្ចទាំងអស់បន្ដបង្ក្រាបន្ថែមទៀត។

ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរថា កន្លងមកនេះ ទោះបីប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការ បង្រ្កាបបទល្មើសទទួលបាន លទ្ធផលល្អយ៉ាងប្រសើរ រហូតដល់ ៨០ភាគរយ ទៅ៩០ភាគរយ នៃបទល្មើស សរុបដែលបានកើតឡើង ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បទល្មើសគ្រឿងញៀន ក៏មានថយចុះបន្ដិចមែន ក៏ប៉ុន្ដែគឺចាត់ ទុកថា ជាជោគជ័យមួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ-១៩នេះ។ ព្រោះថា ពួកនេះ ទោះបីកូវីដ-១៩ ក៏ដោយ ក៏ឆក់យកឱកាសពេលហ្នឹង ដើម្បីលួចផលិត ហើយនាំចូលនូវសារធាតុញៀន ដូចជា អាភៀនពីបណ្ដាប្រទេសនៅជុំវិញយើង ពិសេសពីតំបន់ត្រី កោនមាស» ។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ចាប់តាំងពីបើក យុទ្ធនាការបង្រ្កាបគ្រឿងញៀនមក រហូតដល់ពេលនេះ ការបង្ក្រាបបាន បទល្មើសគ្រឿងញៀន ច្រើនរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ ឲ្យឃើញពីទឹកចិត្តដ៏មោះមុត ពោលគឺឆន្ទៈមោះមុត ចំពោះការប្ដេជ្ញាចិត្ត ដ៏ខ្លាំងក្លារបស់កម្លាំង សមត្ថកិច្ចក្នុងពេលប្រយុទ្ធប្រឆាំង គ្រឿងញៀននេះ ។

សម្ដេចក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកិច្ចការងារនេះទទួល បានលទ្ធផលល្អ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏ផ្ដាំផ្ញើថា មេឃុំ ស្មៀនឃុំ មេប៉ុសិ៍ដ និងមេភូមិ ត្រូវរៀន វគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ជៀសវាងជួបបញ្ហាអ្វីមួយ។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ចឹងអ្នកទាំងអស់ហ្នឹង ត្រូវបណ្ដុះបណ្ដាល ហើយនិយាយជារួម ប៉ូលីស ទាំងអស់ មកដល់ពេលនេះ គឺគ្មានប៉ូលីសណាមួយ ដែលបានចូលក្របខណ្ឌជាប៉ូលីសហើយ អត់បានរៀនសូត្រឱ្យទៅធ្វើការទេ គឺអត់មានទេ គឺត្រូវឆ្លងកាត់វគ្គរៀន សូត្រជាមុនសិន យ៉ាងហោចណាស់ រៀនរយៈពេល៣ខែ»៕

To Top