ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជា​ឱ្យត្រៀម រថយន្តយោធា ​២០០​គ្រឿង​ សម្រាប់ ដឹកជញ្ជូនពលករខ្មែរ មកធ្វើ​ចត្តាឡីស័ក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅ​កងទ័ព ឱ្យបញ្ចេញរថយន្ត ចំនួន២០០​គ្រឿង​ សម្រាប់ដឹកជញ្ជូនពលករខ្មែរ​ដែលបាន ធ្វើចត្តាឡីស័ក រយៈពេល ១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើ​ចត្តាឡីស័ក​បន្ថែមទៀតនៅ​តាម​បណ្ដា​ខេត្តជា​ស្រុកកំណើតរបស់ពួកគេ។

តាមរយៈសារជាសំឡេងនារសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូន​របស់កងយោធពលខេមរភូមិន្ទ ហើយត្រូវ​បញ្ជូនរថយន្តបន្ថែមទៅ​ពីខាងក្រោយ​ដែលត្រៀមរៀបចំប្រមាណជា​២០០​គ្រឿង ដឹកជញ្ជូន​បងប្អូនដែលបានធ្វើ​ចត្តាឡីស័ក​នៅ​តាមមណ្ឌល​តាមព្រំដែន​កម្ពុជា-ថៃ ​ចំនួន៧​ថ្ងៃ​ រួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្ត​ខាងក្រោយប្រគល់ឱ្យខេត្ត​ និងរាជធានីខាងក្រោយ​ដើម្បីឱ្យបន្តធ្វើ​ចត្តាឡីស័ក​នៅ​ខាងក្នុង»។

សម្ដេចតេជោ បញ្ជាក់​ថាការសម្រេចបែបនេះ គឺដើម្បីផ្ដល់ទីកន្លែង​ចត្តាឡីស័ក​ទៅ​ដល់ពលករខ្មែរថ្មីទៀត ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ឆ្លងដែនមកដល់ប្រទេសកំណើតវិញ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជា​បែបនេះ បន្ទាប់ពីបានទទួលដំណឹងថា ពលរដ្ឋខ្មែរកាន់តែ​ច្រើន បានសម្រុកវិលត្រឡប់​មកពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញ​នា​ពេលថ្មីៗ ក្រោយបាត់បង់ការងារធ្វើ​ បន្ទាប់ពីប្រទេសថៃ​ កំពុងឆ្លងរីករាលដាល​នៃ​មេរោគ​កូវីដ-១៩ ​រឹតតែ​ធ្ងន់ធ្ងរឡើងៗ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×