ភ្នំពេញ ៖ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងធនាគារ ពិភពលោកថ្មី ប្រចាំប្រទេស កម្ពុជា បានប្ដេជ្ញាចិត្តជួយកម្ពុជា ពីផលប៉ះពាល់ជំងឺកូវីដ-១៩ ជាពិសេស រៀបចំមូលដ្ឋាន សម្រាប់ស្តារសេដ្ឋកិច្ច ឲ្យរើបឡើងវិញ យ៉ាងស្វាហាប់ ផងដែរ។
ការប្ដេជ្ញាចិត្តរបស់លោកស្រី ម៉ារីយ៉ាម សាលីម ក្រោយពីធនាគារពិភពលោក បានតែងតាំងលោកស្រី ជាប្រធានគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា ស្នងតំណែងពី លោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) ដែលបានផ្លាស់ ទៅធ្វើការថ្មី នៅប្រទេសម៉ុលដូវ៉ា ក្រោយពីបានបំពេញ បេសសកម្មអស់រយៈពេល ៥ឆ្នាំ ជាប្រធានគ្រប់គ្រង ការិយាល័យ នៃធនាគារពិភពលោក នៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី សាលីម មើលការខុស ត្រូវរួមពីលើកិច្ចការ ប្រចាំថ្ងៃរបស់ធនាគារពិភពលោក ជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះ មានកញ្ចប់គម្រោងនានា គិតជាតម្លៃទឹកប្រាក់សរុបប្រមាណ ១,១ប៊ីលានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក ។ គម្រោងទាំងនោះត្រូវបានរៀបចំតម្រូវ តាមអាទិភាពអភិវឌ្ឍន៍ របស់កម្ពុជា អមដោយគោលដៅពីរ របស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួម សម្រាប់ប្រជាជនកម្ពុជា។
ធនាគារពិភពលោក បន្ដថា ក្នុងក្របខណ្ឌភាពជាដៃគូរបស់ ធនាគាពិភពលោក សម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាលឆ្នាំ២០១៩-២០២៣ផ្តោត សំខាន់ទៅលើការ បង្កើនភាព ប្រសិទ្ធភាព របស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យឯកជន ,លើការវិនិយោគ លើធនធានមនុស្ស តាមរយៈការពង្រីកលទ្ធភាពទទួល បានសេវាអប់រំ និងសេវាសុខាភិបាល មានគុណភាពសម្រាប់ក្មេងតូច, លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, លើការលើកកម្ពស់ការប្រើប្រាស់ធនធាន ធម្មជាតិ ប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ននិងការ ចូលរួមរបស់ពលរដ្ឋ ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មី របស់ធនាគាពិភពលោកប្រចាំ នៅកម្ពុជា មានប្រសាសន៍ថា «ខ្ញុំមាន សោមនស្សក្រៃលែង ដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ ដែរ ដែលបាន ត្រឡប់មកកម្ពុជាវិញ នៅ១៧ឆ្នាំ ក្រោយគិតចាប់ពីពេល ដែលខ្ញុំបានបញ្ចប់ការងារ នៅកម្ពុជា ក្នុងនាមជាប្រធានក្រុមនៃគម្រោង ពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ»។
លោកស្រី បន្ដថា «ខ្ញុំត្រៀមខ្លួនជាស្រេច នឹងធ្វើការជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជា គ្រប់គ្រងផលប៉ះពាល់ នៃការ រាតត្បាតជំងឺកូវីដ-១៩, រៀបចំមូលដ្ឋានសម្រាប់ការស្តារ សេដ្ឋកិច្ចឱ្យរើបឡើងវិញ យ៉ាងស្វាហាប់និងកសាងភាពធន់ សម្រាប់ទប់ទល់ ជាមួយហេតុការណ៍ អង្រួនកន្ត្រាក់សេដ្ឋកិច្ច នៅថ្ងៃខាងមុខ»។
សូមរំលឹកថា លោកស្រី សាលីម មានបទពិសោធន៍ ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក ក្នុងនោះ កាលពីពេលថ្មីនេះ លោកស្រី ធ្លាប់កាន់តំណែង ជាប្រធាន គ្រប់គ្រងប្រចាំប្រទេស អាល់បានី ផងដែរ ។ កាលនៅកម្ពុជា ពេលមុនលោកស្រី ជាអ្នកឯកទេសផ្នែក អភិវឌ្ឍសង្គមនិងធនធានមនុស្សមុន នឹងលោកស្រីបន្តទៅបំពេញមុខងារក្នុងតំណែងជាន់ខ្ពស់ផ្សេងៗ នៅក្នុងផ្នែករៀបចំគោលនយោបាយ ប្រតិបត្តិការរបស់ធនាគារ ពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រី មានដើមកំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពីសកលវិទ្យាល័យ Georgetown ៕