ព័ត៌មានជាតិ

បង្ក្រាបករណី ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនជិត ២គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២ គីឡូក្រាម ។

ករណីចុះបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេន៍យ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៣០ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង សម្របសម្រួលដោយ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខហាងជំនោរកង្រី ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង និងនៅចំណុចក្រុមហ៊ុនកាពីតូល ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផលឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។ ចាប់យកវត្ថុតាង៖ មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១គ.ក្រ ៦៦០.២៨ក្រាម និងទូរស័ព្ទ ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ យើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បន្តតាមនីតិវិធី ៕

To Top