ព័ត៌មានជាតិ

ទូតកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរ នៅវៀតណាម ត្រូវប្រុងប្រយ័ត្ន ចំពោះព្យុះ ចំនួន៧ ទៅ៩ព្យុះ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួន នៅវៀតណាម ត្រូវប្រុងប្រយ័ត្ន ចំពោះព្យុះ ចំនួន៧ ទៅ៩ព្យុះ និងសម្ពាធត្រូពិកទាប នឹងបោកបក់នៅសមុទ្រខាងកើត ។

យោងតាមសេចក្ដីជូនដំណឹង របស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមសារព័ត៌មាន វៀតណាម (Viet Nam News) ចេញផ្សាយ នាថ្ងៃទី២១ សីហា បានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២១ ព្យុះចំនួន ៧ ទៅ ៩ និងសម្ពាធត្រូពិកទាប នឹងបោកបក់នៅ សមុទ្រខាងកើត ក្នុងនោះ មានព្យុះ ចំនួន៤ នឹងបោកបក់ចូលដីគោក របស់ប្រទេសវៀតណាម។

ប្រភពដដែល បានបន្ដថា ចំពោះបណ្តាខេត្ត និងទីក្រុងនៅភាគកណ្ដាល និងតំបន់កណ្ដាលឈៀងខាងត្បូង នឹងមានភ្លៀង ធ្លាក់ខ្លាំង ចាប់ពីខែតុលា វិច្ឆិកា និងធ្នូ ប៉ុន្តែភ្លៀងនឹងមិនធ្លាក់ខ្លាំងដូចឆ្នាំ២០២០។ ចំណែក អាកាសធាតុ នឹងចុះត្រជាក់លឿនជាងធម្មតា គឺនឹងផ្តើមពីចុងខែកញ្ញា ឬនៅដើមខែតុលា ហើយការចុះត្រជាក់ខ្លាំងអាច នៅពាក់កណ្តាលខែធ្នូ គឺឆាប់ជាងបណ្តាឆ្នាំមុនៗ។

ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅ វៀតណាម មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីសុវត្ថិភាព និងជៀសវាងកើត មានបញ្ហាជាយថាហេតុ។ ទន្ទឹមនេះ សូមបងប្អូន មេត្តាថែរក្សាសុខភាពឲ្យបានល្អ អនុវត្តវិធានការការពារ សុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ»៕

To Top