Covid-19

រាជរដ្ឋាភិបាល លើកទឹកចិត្តពលរដ្ឋ មានលទ្ធភាពទៅចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យឯកជន កាត់បន្ថយថវិកាជាតិ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពគ្រប់គ្រាន់ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ តាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលអនុញ្ញាឲ្យផ្តល់សេវាចាក់នោះ ដើម្បីបានកាត់បន្ថយការចំណាយថវិកាជាតិ។

ក្នុងនោះដែរ រាជរដ្ឋាភិបាល សម្រេចប្រកាសដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ផ្អែកតាមការសិក្សាស្រាវ ជ្រាវបែបវិទ្យាសាស្ត្រ ក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័សនូវ «ភាពសុំសហគមន៍រឹងមាំពិត ប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ ការពារអាយុជីវិតប្រជាជន ពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា (Delta) ឬប្រភេទបំប្លែង ខ្លួនថ្មីផ្សេងទៀត ក៏ដូចជា ដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ នៃការបើកដំណើរ ការប្រទេសពេញលេញ ឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាល នៅតែបន្តអនុវត្ត «គោលការណ៍ស្ម័គ្រចិត្ត» ដដែល ចំពោះ ការចាក់វ៉ាក់សាំង ដូសជំរុញ នេះជូនដល់ប្រជាជន។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បន្តផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ជូនប្រជាជនដោយឥតគិតថ្លៃ ដូចការចាក់វ៉ាក់សាំងនៅជុំទី១ ដែរ។

សម្ដេចតេជោ មានប្រសាសន៍ទៀតថា «ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់ វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជា ដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាល លើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជន ដែលមានលទ្ធភាពគ្រប់ គ្រាន់ឲ្យទៅទទួលយកការ ចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញា តឲ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នេះ»។

សម្ដេចតេជោ បន្ថែមថា ផ្តល់ការអនុញ្ញាតឲ្យ ប្រើប្រាស់ជាវ៉ាក់សាំងដូសជំរុញ តែចំពោះប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ ដោយអង្គការសុខភាពពិភពលោក និងដោយ ក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ៕

To Top