នយោបាយ

អ្នកមានកាតព្វកិច្ច កាច់ចង្កូតនាវាកម្ពុជា ត្រូវចេះបត់បែន មិនត្រូវទៅបុកភ្នំទឹកកកធំ ទាំង២ អាមេរិក-ចិន ហើយត្រូវបើកចៀស សំណាញ់រាយទុក ដោយវៀតណាម

ភ្នំពេញ ៖ “អ្នកមានកាតព្វកិច្ច កាច់ចង្កូតនាវាកម្ពុជា ក្នុងមហាសាគរដ៏ធំល្វឹងល្វើយ ត្រូវចេះបត់បែន តាមគន្លងមួយ ដែលមិនត្រូវទៅបុកភ្នំទឹកកក ធំទាំង២ គឺអាមេរិកនិងចិន ហើយត្រូវបើកចៀសសំណាញ់ ដែលរាយទុកដោយវៀតណាម ក្នុងការចាប់នាវាកម្ពុជា មកគ្រប់គ្រង ។
យើងមិនអាចផ្លាស់ប្តូរទីតាំង ភ្នំទឹកកកទាំង២បានទេ គឺនយោបាយរបស់អាមេរិកនិងចិន តែយើងអាចកាច់ចង្កូត បត់បែនតាមជើងភ្នំទឹកកក ទាំង២បាន ហើយអាចបើកវៀង ចេញពីសំណាញ់របស់វៀតណាមផង” ។ នេះជាប្រសាសន៍របស់លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធបតេយ្យមូលដ្ឋាន(គ ប ម) នាថ្ងៃ២៧ សីហា ក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

លោកបន្តថា ដើម្បីធ្វើរឿងនេះបាន អ្នកដឹកនាំនយោបាយកម្ពុជា គ្រប់ភាគី ត្រូវឈ្វេងយល់ និងមានទស្សនវិស័យរួមធំមួយ ក្នុងនយោបាយការបរទេស ហើយត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាឲ្យ បានច្រើន ចៀសវាងកុំឲ្យម្នាក់រត់ ទៅពឹងខាងនេះ ម្នាក់ទៀតរត់ទៅពឹងខាងនោះ ធ្វើឲ្យកម្ពុជាក្លាយ ជាល្បែងនយោបាយ របស់មហាអំណាចជាថ្មី ដែលនឹងបង្កគ្រោះភ័យ ដ៏ធំសម្រាប់ជោគវាសនានាវាកម្ពុជា ។

ការលើកឡើង របស់លោកនេះ ក្រោយ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោកស្រី Kamala Harris បានធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ តែចូលពិភាក្សាការងារ តែក្នុង២ប្រទេសទេ គឺសិង្ហបុរី ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្ត តាំងពីសម័យសង្រ្គាម ត្រជាក់ និងវៀតណាម ដែលជាអតីតសត្រូវស៊ីសាច់ហុត ឈាម កាលពីជំនាន់សង្រ្គាមត្រជាក់ ។

លោកថា មកលេងមិត្តចាស់ជារឿងងាយយល់ តែហេតុអ្វីបានមកលេងអតីតសត្រូវ? ហេតុផលធំចម្បង គឺការរះឡើងលឿន និងខ្លាំងនៃមហាយក្សចិន ដែលក្លាយជាគូប្រជែងស្រួចស្រាវ ក្នុងការដឹកនាំពិភពលោក ហើយវៀតណាមអាចក្លាយជាដៃគូរ យុទ្ធសាស្រ្តរបស់អាមេរិក ក្នុងការរាំងខ្ទប់ឥទ្ធិពលរបស់ចិន ។

ភូមិសាស្រ្តនយោបាយពិភពលោក និងតំបន់មានការផ្លាស់ប្តូរខ្លាំង ក្រោយការដួលរលំសហភាពសូវៀតនិងការលេចត្រដែតឡើងខ្ពស់នៃប្រទេសចិន។

លោកគូសបញ្ជាក់ថា រឿងនេះមានសារៈសំខាន់សម្រាប់អ្នកដឹកនាំ នយោបាយកម្ពុជា ក្នុងការឈ្វេងយល់ឲ្យបានល្អ និងស៊ីជម្រៅ ៕

To Top