ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកឥណទានកាបូន ជាប្រភពធនធានហិរញ្ញប្បទាន សម្រាប់កាត់បន្ថយ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាចាត់ទុកឥណទានកាបូន ជាប្រភពធនធានហិរញ្ញប្បទានដ៏សំខាន់ សម្រាប់សកម្មភាពកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហ ទទួលការចូលរួម ក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍។

ក្នុងវេទិកាអភិវឌ្ឍន៍ ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាក៏បានកត់សម្គាល់ដោយយក ចិត្តទុកដាក់ផងដែរ នូវគំនិតផ្តួចផ្តើមបង្កើតផែនការ ពាណិជ្ជកម្មទីផ្សារជួញដូរ កាបូននៅក្នុងប្រទេសចិន។

សម្ដេចតេជោ មានប្រសាសន៍ថា «ប្រទេសកម្ពុជា ទទួលបានជោគជ័យ ក្នុងការចូលរួមទីផ្សារកាបូន ស្ម័គ្រចិត្ត ក្នុងរយៈពេ លជាច្រើនឆ្នាំ កន្លងទៅនេះ ហើយកម្ពុជាកំពុង រៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ ។ កម្ពុជាចាត់ទុក ឥណទានកាបូនជា ប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាព ដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជា បើកចំហទទួលការចូលរួម នូវក្នុងភាពជាដៃគូ ជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមាន ចំណាប់អារម្មណ៍»។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងថា ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍ ទាប រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោល នយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗ គ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។

សម្ដេចតេជោ បានបន្ដថា ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាន នៃអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុនូវ «របាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ជាតិ» ដោយបានកំណត់គោលដៅ កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ២០៣០ នៅក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់ ។ បន្ថែមលើនេះ កម្ពុជាក៏បាននិងកំពុងខិតខំ រៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថា នឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ។

សម្ដេចតេជោ បានបន្ថែមថា ការដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែល ទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ។ ក្នុងន័យនេះ សម្ដេចអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាន នូវអនាគតបៃតងរួមគ្នា មួយប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោល នោះឡើយ។

សម្ដេចតេជោ ក៏បានអំពាវនាវឱ្យមាន ការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាព ពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃ ការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ៕

To Top