ព័ត៌មានជាតិ

អាជ្ញាធររាជធានី នឹងបើកសាលារៀន ចាប់ពីថ្ងៃ១៥ ខែកញ្ញាតទៅ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតិគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ បើកដំណើរការ ឱ្យសិស្សានុសិស្ស បានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ដោយគ្រាន់តែបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។

នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាព ពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន នឹងបើកដំណើរការឱ្យចូលរៀន ចាប់ពីថ្ងៃពុធទី១៥ ខែកញ្ញាឆ្នាំ២០២១នេះតទៅ ។ ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់ បានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាននិងការអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណា អាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ទន្ទឹមនឹងនេះលោកឃួង ស្រេង ក៏បានជំរុញ ឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តិ៍រហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្ត ការងារនេះចាប់ពីថ្ងៃស្អែកទី ១០ខែកញ្ញានេះតទៅ ។ បើអនុវត្តបតាមលក្ខន្តិកៈ បានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។

លោកបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់ គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពី រដ្ឋបាលរាជធានីភ្នំពេញពិនិត្យ ឃើញថា បានបំពេញនូវលក្ខន្តិកៈ ដោយអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះ នឹងទទួលបានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការ សិក្សាជាធម្មតាឡើងវិញ ។

លោកឃួង ស្រេង បានបន្តទៀតថា ការបើកសាលារៀននេះ គឺជាជំហានដំបូងមួយ នៃការបើកឲ្យដំណើរការឡើងវិញ នូវវិស័យផ្សេងៗទៀតមានន័យថា បើការបើកឲ្យដំណើរការ ការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់បានល្អ និងបន្តឈានទៅបើកឡើងវិញ នូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។

ចំណែកលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ការបើកសាលារៀន ទាំងឯកជននិងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលា ចាប់ពីថ្នាក់ទី៧ ទៅដល់ថ្នាក់ទី១២ប៉ុណ្ណោះ ហើយបើដំណើរការនេះ ឈានទៅ រលូនហើយនោះ យើងនឹងគិតគូពីថ្នាក់ មត្តេយ្យសិក្សា និងបឋមសិក្សាបន្តទៀត ៕

To Top