នយោបាយ

សម្ដេចតេជោ សួរអ្នកវិភាគទាំងក្នុង និងក្រៅប្រទេសថា បើសិនគ្មានចិន តើកម្ពុជាបានអ្នកណាជួយ?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកវិភាគទាំងក្នុង និងក្រៅទេសថា បើសិនគ្មានចិន តើកម្ពុជាបានអ្នកណាជួយ! ព្រោះថា ចិន បានកសាងហេដ្ឋានរចនាសម្ព័ន្ធនៅកម្ពុជា យ៉ាងច្រើន។

ក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ ភាគីចិន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មិត្តដែកថែបរវាង កម្ពុជា-ចិន គ្មានភា ពរគោះរគើង ទោះបី ទទួលសម្ពាធពីបណ្ដាប្រទេសមួយចំនួនក៏ដោយ មានតែភាពស្មោះត្រង់ជាមួយគ្នាបន្ថែមទៀត។ សម្ដេច ថា ខ្លួនសម្ដេចផ្ទាល់មានការទទួលខុសត្រូវខាងដឹកនាំផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេស។

សម្ដេចតេជោ បានបញ្ជាក់ថា «បើមិនឱ្យខ្ញុំពឹងចិន ឱ្យខ្ញុំទៅពឹងអ្នកណា?»។ សម្ដេច បន្ដថា នេះមិនមែនជាសម្ដីលេងសើច ឬដើម្បីចាញ់ឈ្នះជាមួយអ្នកណាទេ។ សម្ដេចថា តើមានអ្នកដើរតួនាទីជំនួសចិនឬទេ? ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ខណៈចិន បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាយ៉ាងច្រើន។

សម្ដេចតេជោ មានប្រសាសន៍ថា «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទាក់ទំនងជាមួយនឹងមិត្តចិន ហើយបានមកស មិទ្ធផលបែបនេះ (សមិទ្ធផលពហុកីឡាដ្ឋានជាតិមរតកតេជោ)។ នេះគ្រាន់តែជាសមិទ្ធផលមួយក្នុងចំណោមសិទ្ធផលរាប់រាយ ដែលការដ្ឋានធំៗ»។

សម្ដេចតេជោ បានបន្ថែមថា ចិនកសាងផ្លូវនៅកម្ពុជា ជាង២ពាន់គីឡូម៉ែត្រ ព្រមទាំង មានស្ពានឆ្លងទន្លេជាច្រើនផងដែរ។ បើសិនគ្មានចិនជួយ តើកម្ពុជាបានអ្នកណាជួយ?។ សម្ដេចថា បើគ្មានមិត្តចិនទេ ប្រជាពលរដ្ឋខ្មែរ បានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយឬនៅ?

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា អ្នកធ្វើការវិភាគខាងនយោបាយ មិនថាអ្នកនៅក្នុងប្រទេស ឬនៅក្រៅប្រទេស ឬជនជាតិកម្ពុជា ឬបរទេសត្រូវមើលការជាក់ស្ដែងមួយ ដែលវាបានកើត កំពុងកើត ហើយវាបន្ដកើត នៅថ្ងៃអនាគត។ ផ្លូវសូត្រ សត្សវត្តទី២១ ជាមួយនឹងគំនិតផ្ដួតផ្ដើម ខ្សែរក្រវ៉ាត់ និងផ្លូវ ចិនមិនមែនត្រឹមដាក់ចេញទ្រឹស្ដីទេ គឺដាក់ចេញទាំង លុយតែម្ដង»។

សម្ដេចតេជោ បានបន្ដថា ចិនជួយដល់បណ្ដាប្រទេសក្រីក្រតាមរយៈ ខ្សែរក្រវ៉ាត់ និងផ្លូវ។ សម្ដេចថា ពិតណាស់ កម្ពុជាមិនដែលទាត់ចោលនូវជំនួយបរទេសឡើយ ដូច្នេះ មិនត្រូវនិយាយថា «កម្ពុជា លំអៀងទៅចិនទេ» ព្រោះថា កម្ពុជាមិនដែលទាត់ចោលនូវបរទេសណាទាំងអស់ ហើយក៏មិនយកអ្នកណា ធ្វើជាសត្រូវដែរ៕

To Top