ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅរដូវកាន់បិណ្ឌនាពេលខាងមុខនេះ គណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យតាមវត្តអារាម ទូទាំងប្រទេសដាក់បដា “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឲ្យ ប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គ៧) បានបើកកិច្ចប្រជុំជាមួយ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តាមរយៈប្រព័ន្ធ Zoom នាព្រឹកថ្ងៃ១៣ កញ្ញា ក្នុងគោលបំណងលើកស្ទួយវិស័យធម្មការ និងសាសនា។

លោក ហ៊ុន ម៉ានី លើកឡើងពីការយកចិត្តទុកដាក់ ជាបន្តបន្ទាប់របស់គណៈកម្មការទី៧ លើការពិនិត្យ តាមដាន ការអនុវត្ត និងកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ក្រសួងធម្មការ រួមមានការងាររៀបចំគោលការណ៍ ប្រតិបត្តិនានាសម្រាប់ទប់ស្កាត់ វិបត្តិជំងឺកូវីដ-១៩ ក្នុងឱកាសនៃការឈាន មកដល់នៃរដូវភ្ជុំបិណ្ឌ (សម្រាប់រយៈពេលខ្លី) និងការប្រតិបត្តិសាសនាទូទៅ (សម្រាប់រយៈពេលវែង និងសម្រាប់គ្រប់សាសនា)។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា “ក្នុងកាលៈទេសៈនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩នេះ ក្រសួងត្រូវបន្តសហការឲ្យបាន ស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈមន្ទីរជំនាញ ដើម្បីជំរុញអនុវត្តនូវវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមវត្តអារាម សារាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិជំនឿសាសនានានា ជាពិសេសក្នុងឱកាស បុណ្យទានផ្សេងៗ មិនត្រឹមតែកម្មវិធីបុណ្យភ្ជុំបិណ្ឌ ឬកឋិនទានខាងមុខនោះទេ ។

លោកថា “ដើម្បីជាការចូលរួមចំណែក ក្នុងការជំរុញការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ក្នុងពេលបុណ្យទានតាមទំនៀមសាសនា និងជាពិសេសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គណៈកម្មការទី៧ នឹងផ្តល់ជូនក្រសួងនូវបដា (Banner) ដើម្បីដាក់ចងនៅតាម បណ្តាវត្តអារាមនានាទូទាំង២៥ រាជធានី-ខេត្ត ក្រោមខ្លឹមសារ ចូលរួមអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”៕
