ព័ត៌មានជាតិ

បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ទំនាក់ទំនង ជាជំនួយដល់មន្ត្រីឧទ្យានុរក្ស ក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនា ក់ទំនងនានា ដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្ស ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។

ក្នុងពិធីប្រគល់ជូនវិទ្យុទាក់ទង ចំនួន៤០គ្រឿង ជូនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានថ្លែងថា «វិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀត នឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្ស ក្នុងការទំនាក់ទំនងគ្នាពេលចុះល្បាត ក្នុងព្រៃនិងអាចទំនាក់ទំនងគ្នាលឿនដើម្បីស្នើសុំ អន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម»។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីឧទ្យានុរក្ស បន្តសិក្សារៀនសូត្របន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួនឯងស្របតាមដំណើរការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន។

លោកបានបញ្ជាក់ទៀតថា «កិច្ចការនេះគឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងពីព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើបស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរក្នុងការផ្តល់ព័ត៌មានទៅវិញទៅមកដើម្បីគេចចេញពី សំណាញ់ច្បាប់»។

សូមរំលឹកថា បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្ស ចំនួន១២៦០នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣ លានហិកតាស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្ស ១ នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ពាន់ហិកតា៕

To Top