នយោបាយ

ក្រសួងមហាផ្ទៃ ព្រមានមិនចុះឈ្មោះ គណបក្សបេះដូងជាតិ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃ១៥ កញ្ញានេះ បានធ្វើការ ព្រមាន ទៅគណបក្សបេះដូងជាតិ មិនចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ ទៅតាមច្បាប់នៅក្រសួង ។

ការព្រមាននេះ ដោយសារគណបក្សបេះដូងជាតិ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្ស នយោបាយ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃស្នើ គណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុង លក្ខន្តិកៈគណបក្ស ឲ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្ស នយោបាយ រួចហើយត្រូវផ្ញើ ជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។

ក្រសួង បានបញ្ជាក់ថា «ក្នុងករណី នៅតែមិនអនុវត្ត តាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងសម្រេចមិនចុះ ឈ្មោះ គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃនោះឡើយ»។

សូមរំលឹកថា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកចំនួន២ លើករួមមកហើយ ចំពោះ គណបក្សបេះដូងជាតិ ដើម្បីឲ្យធ្វើការកែ សម្រួលខ្លឹមសារ នៃលក្ខន្ដិកៈគណបក្សតាមលិខិត ។

គណបក្សបេះដូងជាតិនេះ ត្រូវបានគេដឹងថា លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ ខ្មែរកម្ពុជាក្រោម និងជាអតីត មន្រ្តីជាន់ខ្ពស់ របស់អតីត គណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិធ្វើនយោបាយ កាលពីចុងឆ្នាំ២០២០ ជាអ្នកផ្តួចផ្តើមបង្កើតឡើង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top