ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តតាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) បានលើកឡើងថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងរៀបចំបង្កើតកម្មវិធីទូរស័ព្ទដៃ ក្នុងការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ (CLAIM MOBILE APPLICATION) ដើម្បីកែលម្អដំណើរការទូទាត់ថ្លៃសេវាសុខាភិបាល ជូនមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. កាន់តែមានភាពរហ័ស ច្បាស់លាស់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
លោកបាន អោយដឹងទៀតថា ការបង្កើតឱ្យមានកម្មវិធីទូរស័ព្ទដៃនេះឡើង គឺវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឱ្យប្រសើរឡើងលើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលរួមមាន៖
១. ដើម្បីអនុវត្តប្រព័ន្ធវិក័យបត្រ តាមរយៈកម្មវិធីបច្ចេកវិទ្យា Mobile Application
២. ដើម្បីភ្ជាប់ទិន្នន័យ នៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ជាមួយប្រព័ន្ធ HSPIS និងប្រព័ន្ធគណនេយ្យ (Sage)
៣. ដើម្បីអនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់ ព័ត៌មានវិទ្យា សម្រាប់សមាជិក/អ្នកផ្តល់សេវា និងទិន្នន័យវិក័យបត្រ។
ការថ្លែងឡើងរបស់លោកខាងលើ ក្នុងឱកាសអញ្ជើញអធិបតីភាពតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. និងជាប្រធានគណៈកម្មការរៀបចំ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តតាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) ក្នុងកិច្ចប្រជុំពិភាក្សាមួយ ជាមួយក្រុមហ៊ុន OPTISTECH ស្តីពីការអភិវឌ្ឍកម្មវិធីទូទាត់ ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រតាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា គម្រោងខាងលើ គឺមានកិច្ចសហការគាំទ្ររៀបចំឡើងដោយ កិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ហើយគម្រោងនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២១ ខាងមុខផងដែរ៕