ព័ត៌មានជាតិ

សមាគម៣ ចូលរួមលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុទៅកាន់ បណ្តាសហគ្រិនវ័យក្មេង និងសហគ្រាសធុនតូច-មធ្យមនៅកម្ពុជា

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហ គ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជៀបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពី បណ្តាសហគ្រាសធុនតូច និងធម្យម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង សហគ្រិនប្រមាណជាង ២៦០នាក់ រួមទាំងមានការផ្សាយបន្តផ្ទាល់ តាមរយៈផេកហ្វេសបុកផ្លូវការ របស់សមាគមទាំងបីផងដែរ។

អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-Tech) សេវាឥណទានប្រកបដោយបរិយាបន្ន និង ការកសាងបណ្តាញទំនាក់ទំនង ក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា និង សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងនេះ ក៏មានអមផងដែរនូវ វេទិកាពិភាក្សាពិសេស ស្តីពី «មគ្គុទេសក៍ស្តារអាជីវកម្ម ក្នុងបរិបទកូវីដ-១៩»។ កិច្ចពិភាក្សានេះបានផ្តោតលើវិធីសាស្ត្រ និងឥរិយាបថ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រតិបត្តិ ដើម្បីឆ្លើយតបនិងជួយគាំទ្រ ដល់សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម ដែលរង ផលប៉ះពាល់ដោយជំងឺកូវីដ១៩។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា «តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងរួមគ្នាបន្តពង្រឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យ កាន់តែរឹងមាំជូនដល់សាធារណជន សហគ្រិន និង បណ្តាសហគ្រាសធុនតូច និង មធ្យមផ្សេងទៀត»។

លោកបណ្ឌិតបានឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងបី បានឆ្លុះបញ្ចាំងទៅនឹង យុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹង និងបញ្ជៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និង មធ្យម កសិករ និង សហគ្រិនវ័យក្មេង។ បន្ថែមលើនេះ វានឹងក្លាយជាវេទិកាដើម្បី ឲ្យអ្នកជំនាញខាងវិស័យ ធនាគារនិងហិរញ្ញវត្ថុ និងសហគ្រិន ក៏ដូចជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ ឈ្នះៗទាំងអស់គ្នា។

នាឱកាសនេះដែរ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងបីនេះ ពិតជាមានសារៈសំខាន់ ណាស់សម្រាប់ការវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការគាំពារបន្ថែម ដល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនវ័យក្មេង ដោយចូលរួមលើកម្ពស់ការទទួលបាន សេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកប ដោយការទទួលខុសត្រូវ។

លោកបានបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការនៃសមាគមទាំងបី នឹងក្លាយជាវេទិកាដ៏ សំខាន់រវាងអ្នកជំនាញហិរញ្ញវត្ថុ និងសហគ្រិនវ័យក្មេង ក្នុងការសិក្សាស្វែងរក បង្កើត សាកល្បង ក៏ដូចជាអនុវត្ត នូវដំណោះស្រាយថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញដល់ការអភិវឌ្ឍ វិស័យធុរកិច្ចនៅកម្ពុជា» ។

ដោយឡែក លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិន វ័យក្មេងកម្ពុជា បានរំលេចដែរថា ការលំបាកនៃការទទួលបាន ឥណទានតែងតែត្រូវបានលើកឡើង ដោយសមាជិកនៃសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងជាពិសេសបណ្តាសហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយសារបញ្ហានៃការទទួលបាន ហិរញ្ញប្បទានពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ បានរារាំងកំណើននៃការរីកចម្រើន នៃសហគ្រិនភាពនៅក្នុង ប្រទេសកម្ពុជា។

លោកបន្ថែមថា ការទទួលបានហិរញ្ញប្បទាន ប្រកបដោយសមធម៌ គឺជាអាទិភាពទី១ នៃយុទ្ធសាស្រ្តឆ្នាំ២០២៥ បន្ថែមលើអាទិភាព ៥ផ្សេងទៀតរបស់ សហគ្រិនវ័យក្មេងកម្ពុជា។ លោកក៏បញ្ជាក់ផងដែរថា «ផ្អែកតាមបទពិសោធន៍របស់យើង ដែលធ្វើការជាមួយនឹង សហគ្រាសធុនតូចនិងមធ្យម ទៅលើការទទួលបានហិរញ្ញវត្ថុ យើងបានរកឃើញថា ទ្រព្យបញ្ចាំគឺតែងតែជាកត្តាចម្បង ចំពោះការសម្រេចចិត្តលើការផ្តល់ឥណទាន ប៉ុន្តែការដែលមានចំណេះដឹង និងឯកសារគ្រប់គ្រាន់ផ្នែក ហិរញ្ញវត្ថុក៏សំខាន់ដូចគ្នាដែរ»។

លោកបន្តថា «កិច្ចព្រមព្រៀងនៅពេលនេះ គឺជាប្រវត្តិសាស្រ្តដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូរបស់យើង និងបង្កើតជាយុទ្ធសាស្រ្តចម្បងៗ នៅក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងបី ទៅលើការបណ្តុះបណ្តាល រៀបចំសិក្ខាសាលា ព្រឹត្តការណ៍ និងវាគ្មិនសម្រាប់កម្មវិធី កិច្ចពិភាក្សាលើបណ្តាញឌីជីថល ព្រមទាំងការទទួលបាននូវហិរញ្ញប្បទាន ក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា” ៕

To Top