នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើតុលាការពិចារណាបញ្ឈប់ដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។

ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន។ នេះបើតាមសម្តេចតេជោបង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ២០ កញ្ញានេះ។

សម្តេចតេជោបន្តថា “ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវឲ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៏សូម លើកទឹកចិត្តឲ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម” ។

សម្តេចតេជោក៏បានអំពាវនាវ ឲ្យភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំមានការព្រួយបារម្ភ ។

សូមបញ្ជាក់ថា ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យក្មេងពី៦ទៅ១២ឆ្នាំនាថ្ងៃ១៧ កញ្ញាសម្តេចតេជោ បានផ្ញើសារទៅលោកបណ្ឌិត សេង សារី អំពីការវិភាគរបស់ខ្លួន។ លោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគជំនាន់ថ្មីបានបញ្ចេញយោបល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ អ្វីដែលជាចំណុចសំខាន់លោកលើកឡើងនោះ គឺត្រង់លោកបានចេញមតិ ចំពោះគម្រោងការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ៕

To Top