នយោបាយ

តុលាការ ចេញដីកាបញ្ឈប់ ឲ្យចាប់ខ្លួន លោកបណ្ឌិត សេង សារី ជាផ្លូវការ

ភ្នំពេញ ៖ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ឈប់ ឲ្យចាប់ខ្លួនលោកបណ្ឌិត សេង សារី ។

យោងតាមលិខិតរបស់លោក ញឹម ពិសាល នៅថ្ងៃ២១ កញ្ញានេះ បានឲ្យដឹងថា លោក សេង សារី ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ និង ជាអ្នកសា្រវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍ សង្គមត្រូវបានចោទ ប្រកាន់ពីបទ “រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅកម្ពុជា កាលពីថ្ងៃ១៧ ២០ និង២១កក្កដា ឆ្នាំ២០២១ និងអំឡុងពេលបន្តបន្ទាប់បទល្មើស ព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។

លិខិតបន្តថា “ឃើញថា តាមដីកាលលើកលែងចោទ ប្រកាន់លើជនត្រូវ ចោទឈ្មោះ សេង សារី ដូចខាងលើរួចហើយ គប្បីបញ្ឈប់ដីកាបង្គាប់ ឲ្យចាប់ខ្លួនចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១លើជនត្រូវចោទ ខាងលើនេះ”។

សូមបញ្ជាក់ថា កាលពីថ្ងៃ២០ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី បន្ទាប់ពីសម្តេចបានស្តាប់ហេតុផល លោកបណ្ឌិត ក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន ខេមបូឌាដេលី ដែលលោក បានបកស្រាយ ពីគោលបំណង នៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អំពីគម្រោងបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី ។ សម្តេចថានេះ «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផលនិង អាចទទួលយកបាន ៕

To Top
×