ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អាមេរិក ក្នុងឱកាសមហាសន្និបាត UN លើកទី៧៦

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាត អង្គការសហប្រជាជាតិ(UN) លើកទី៧៦ ដែលនឹងប្រព្រឹត្តទៅ នៅរាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២២ កញ្ញា បានឲ្យដឹងថា ការនឹងអញ្ជើញចូលរួមរបស់ ប្រមុខការទូតកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ។

ក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសអាមេរិក រំពឹងថា នឹងបន្តពិភាក្សាលើបញ្ហានានា ដែលបានលើកឡើងក្នុងឱកាស នៃកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម ៕

To Top