ព័ត៌មានជាតិ

អង្គការអន្តរជាតិ ខាងការងារ (ILO) នៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ ប.ស.ស. កម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្រ្តីជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយលោក FINN KOH ជានាយកកម្មវិធីកិច្ចគាំពារសង្គម នៃ អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីលទ្ធផលការងារសម្រេចបានពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងគ្នា ដែលមានរយៈពេល ជាច្រើនឆ្នាំកន្លងមកហើយ។

សម្រាប់កិច្ចប្រជុំពិភាក្សា លើកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាង ប.ស.ស. និង ILO ពេញមួយព្រឹកនេះ គឺផ្តោតសំខាន់លើចំណុចមួយចំនួន រួមមាន៖

(១) ការពិនិត្យ និងពិភាក្សាអំពីលទ្ធភាព ក្នុងការគាំទ្រការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន ប.ស.ស.  

(២) ការធ្វើបច្ចុប្បន្នភាពគម្រោង ទំនើបភាវូបនីយកម្មរបស់ ប.ស.ស. និង 

(៣) ការពិភាក្សាលើកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀតរវាង ប.ស.ស. និងអង្គការអន្តរជាតិ ខាងការងារ (ILO)។ 

គួរំលឹកផងដែរថា រហូតមកដល់ពេលនេះ ប.ស.ស. កម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បានធ្វើការរួមគ្នា និងសម្រេចបានលទ្ធផល ជាច្រើនទៅលើវិស័យសន្តិសុខសង្គម ក្នុងនោះដែរ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានផ្តល់កិច្ចសហការ និងការគាំទ្រទៅលើផ្នែកហិរញ្ញវត្ថុ ការ ផ្តល់ការគាំទ្រទៅលើការបណ្តុះបណ្តាល ផ្នែកធនធានមនុស្ស ក៏ដូចជាការគាំទ្រផ្តល់យុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍របបសន្តិសុខសង្គម ទៅកាន់សមាជិក ប.ស.ស. ផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សានាព្រឹកនេះ ប្រព្រឹត្តនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងបុគ្គលិកជំនាញ ប.ស.ស. ព្រមទាំងតំណាងអង្គការ អន្តរជាតិខាងការងារ (ILO) ជាច្រើនរូបផងដែរ៕

To Top