ព័ត៌មានជាតិ

លោក ជួន ណារិន្ទ ៖ ជនជាតិថៃ ៣៦នាក់ នៅកាស៊ីណូ នៅព្រះសីហនុ មិនមែនជាការចាប់បង្ខាំងទេ

ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយថា មានជនជាតិថៃមួយក្រុមនៅខេត្តព្រះសីហនុស្វែងរកការអន្តរាគមន៍ ក្រោយជាប់ឃុំបង្ខំឲ្យធ្វើការល្បែងអនឡាញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានថ្លែងតបថា ករណីនេះមិនមែនជាការចាប់បង្ខាំងមនុស្សទេ។

បើតាមការបំភ្លឺរបស់លោកស្នងការខេត្តព្រះសីហនុ នាថ្ងៃ២៤ កញ្ញានេះក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា កាលពីថ្ងៃ៤ កញ្ញា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ (ស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣ ) ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

លោកថា បន្ទាប់មកអភិបាលខេត្ត បានចាត់ចែងក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្តទាំងអស់ជាបន្ទាន់ ក៏បានរកឃើញអ្នកវិជ្ជមាន មេរោគកូវីដ-១៩ប្រភេទដែលតា ចំនួន៥នាក់ (ស្រី១នាក់) រួចហើយក៏យកទៅឲ្យព្យាបាលនៅ សណ្ឋាគារសាកាណា៣ ។ ចំណែកចំនួន ៣១នាក់ មិនមានវិជ្ជមានដាក់ឲធ្វើចត្តាឡីស័កនៅកន្លែងនោះដើម្បីតាមដានបន្ត។

លោកឲ្យដឹងទៀតថា កម្លាំងជំនាញបន្តស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ឋដែលនាំជនជាតិថៃខាងលើចូលមកដោយខុសច្បាប់ចំនួន៤នាក់ (ចិន៣នាក់ និងថៃ១នាក់) ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តន៍តាមវិធានច្បាប់រួចរាល់ហើយ។

លោក ជួន ណារិន្ទ បញ្ជាក់ថា “មិនមែនបង្ខាំងមនុស្សនោះទេ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មានដោយក្ដីគោរពបំផុត” ៕

To Top