ព័ត៌មានជាតិ

USAID បរិច្ចាគ ៥លានដុល្លារទៀត សម្រាប់ជួយស្ថានភាព អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម

ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា បានប្រកាសអំពីហិរញ្ញប្បទានបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម។

ការបរិច្ចាគថវិកា ៥លានដុល្លារនេះ តាមរយៈគម្រោង មានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រង ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ USAID នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ហិរញ្ញប្បទានបន្ថែមនេះ នឹងធ្វើឲ្យសកម្មភាព ប្រតិបត្តិការមានតម្លៃសរុប ចំនួន ៦,៥ លានដុល្លារ។

USAID បានបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់ ជូនអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមនូវការប្រើប្រាស់ សេវាថែទាំសុខភាព និងចងក្រងនូវស្ថាន ភាពសុខភាព និងក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ ពេលឆ្លងកាត់ របបខ្មែរក្រហម៕

To Top