Covid-19

កម្ពុជា មានវ៉ាក់សាំងកូវីដ សរុបជាង ៣៥លានដូស និងជាង ៦លានដូសក្នុងឃ្លាំង ត្រៀមចាក់ដូសជំរុញ

ភ្នំពេញ៖ បូកបន្ថែមទាំងវ៉ាក់សាំងចំនួន ៣លានដូចទើបមកដល់ថ្ងៃទី២៨ ខែកញ្ញានេះទៀត កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង៣៥លានដូស និងជាង ៦លានដូសនៅក្នុងឃ្លាំង សម្រាប់ចាក់ដូសជំរុញ ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកស្រី យក់ សម្បត្តិ បានឲ្យដឹង ខណៈអញ្ជើញទទួលវ៉ាក់សាំង ៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងចំនួន ៣៥.៥លានដូសហើយ ។

លោកស្រីបញ្ជាក់ថា «អីចឹងយើងមាន ៣៥.៥លានដូសហើយ ហើយយើងមាននៅ ក្នុងឃ្លាំងសល់ជាង ៣លានដូស ហើយបូកបន្ថែម ៣លានដូសទៀត អីចឹងយើងមានជាង ៦លានដូសហើយ ។ ដូច្នេះយើងមានជាង ៦លានដូសនេះ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋដែលកំពុងចាក់ និងធ្វើយុទ្ធនាការចាក់» ។

លោកស្រីលើកឡើងថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ ចាក់ជូនប្រជាពលរដ្ឋនោះទេ។ ដោយសារកម្ពុជាបន្តយក វ៉ាក់សាំងជាជំនួយពីមិត្តចិន និងជំនួយពីកូវ៉ាក់ ក៏ដូចជាខាងប្រទេស ទ្វេភាគីដែលសន្យាជួយ។ ដូច្នេះប្រសិន បើកម្ពុជា បន្តចាក់ដូសជំរុញ ឬដូសផ្សេងទៀត រាជរដ្ឋាភិបាលមិនប្រងើយកន្តើយនោះទេ គឺនឹងបញ្ជាទិញភ្លាមពីចិន ។

ជាមួយគ្នានោះដែរ លោកស្រីឲ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងបន្តទិញ វ៉ាក់សាំងប្រទេសភេទស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដោយសារប្រមុខរាជរដ្ឋាភិបាល បានធ្វើការជាមួយក្រុមហ៊ុនេះ យ៉ាងជិតស្និទ្ធ តាមរយៈស្ថានទូតចិននៅកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិន ។ យ៉ាងណាក្តី លោកស្រីបានអះអាងថា រាល់វ៉ាក់សំាំងដែលរាជរដ្ឋាភិបាលបញ្ជាទិញ មិនមានការកកស្ទះនោះទេ៕

To Top