នយោបាយ

លោកផៃ ស៊ីផាន សោកស្ដាយ ក្រោយសភា ជាន់ទាបអាមេរិក អនុម័តសេចក្ដីស្នើច្បាប់ ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បង្ហាញការសោកស្ដាយ ក្រោយទទួលព័ត៌មានថា សេចក្តីស្នើច្បាប់ មានឈ្មោះថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១» ឬ «H.R 4686» ត្រូវបានសភា ជាន់ទាបរបស់ អាមេរិក អនុម័ត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា «ជាព័ត៌មានគួរឲ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ ទាប សហរដ្ឋអាមេរិក មានឈ្មោះថា ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ឬ H.R 4686 ផ្ដោតលើការទាក់ទណ្ឌកម្ម លើមន្រ្ដីរដ្ឋាភិបាលកម្ពុជា មួយចំនួន ដែលជាការចោទប្រកាន់ យ៉ាងអយុត្តិធម៌ ប្រាសចាកពីការ ពិតជាក់ស្ដែង គ្រាដែលកម្ពុជា កំពុងខិតខំប្រឹងប្រែង កសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរ ជាសង្គមប្រជាធិបតេយ្យ»។

លោកបន្ដថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ដ្បិតរដ្ឋាភិបាលអាមេរិក តំណាងដោយលោកស្រី Wendy Sherman អនុរដ្ឋមន្រ្ដីការបរទេស ទើបបានមកធ្វើ ទស្សនកិច្ច នៅកម្ពុជាកាលពីខែមិថុនា បង្ហាញយ៉ាងជាក់ស្ដែង នូវការពង្រឹងកិច្ច សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ រួមនៃប្រជាជាតិទាំងពីរ ។

លោក បានបន្ថែមថា សេចក្ដីស្នើច្បាប់នេះ ជាស្នូល នៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ ទាំងពីរ ទោះបីក្នុងបរិបទទេ្វភាគី ក៏ដូចជាពហុភាគី នៅក្នុងតំបន់អាស៊ាន ដែលជារឿង គួរសោកស្ដាយបំផុត៕

To Top
×