ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានឲ្យដឹងថា ទោះបីដោះលែងយានយន្ដដឹកជញ្ជូន លើសទម្ងន់កំណត់ ចំនួន២២៩គ្រឿង ក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់រឹតបន្តឹងដដែល ដោយមិនមានការលើកលែង ជាលើកទី២ឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្ត វិធានការគ្រប់គ្រងទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «យានយន្ត ២២៩គ្រឿង ដែលបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ ត្រូវបានអនុញ្ញាតឲ្យដោះលែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ប៉ុន្តែការអនុវត្តច្បាប់នៅតែរឹតបន្តឹង យ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដោយមិនមានការ លើកលែងជាលើកទី២ទេ»។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសាធារណការ ដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ក្រោយបានឃាត់ទុក នៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ តាមបណ្តារាជធានី-ខេត្តមួយចំនួន។

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូន ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរឹង បន្ថែមចំពោះយានយន្ត ដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ៕
