ព័ត៌មានជាតិ

នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប.ស.ស. បើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ សម្រេចបានប្រចាំខែ

ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សម្រេចបានប្រចាំខែរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងថា កន្លងមក ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានពុះពាររាល់ការលំបាកក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបានលទ្ធផលល្អ គួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងគោលនយោបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោក បានបន្តលើកទឹកចិត្ត និងបានពាំនាំនូវអនុសាសន៍ លោកប្ររតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដោយសង្កត់ធ្ងន់ថា៖ ក្នុងនាមជាអ្នកបម្រើសេវាជូនសមាជិក មន្រ្តី និងបុគ្គលិកទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារដែលសម្រេចបាន ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ត្រូវគោរពអនុវត្តនូវវិធានសុខាភិបាល ក្រោមការដាក់ចេញពីសំណាក់ប្រមុខដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ឱ្យបានជាប់ជានិច្ច ក្នុងន័យរួមចំណែកទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

To Top