ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ យល់ឃើញថា ការបង្កើតច្បាប់សម្រាប់មេដឹកនាំកម្ពុជា មានសញ្ជាតិតែ១ គឺជាការកាត់ផ្ដាច់នយោបាយឈ្លានពានត្រជាក់ នាថ្ងៃអនាគត ផងដែរ។
ការលើកឡើងរបស់លោក ពេជ្រ ស្រស់ ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យ នាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ពេជ្រ ស្រស់ បានថ្លែងថា នយោបាយជាតិសាសន៍១ ប្រទេស១ មេដឹកនាំសញ្ជាតិតែ១ គឺជារឿងល្អ ដើម្បីទប់ស្កាត់អ្នកមានផ្ទះច្រើនកន្លែង ហើយដើរដុតផ្ទះណា ដែលខ្លួនមិនពេញចិត្តចោល នាំឲ្យវិនាសកម្មអ្នកដែលរស់នៅក្នុងផ្ទះនោះ។
លោក បានបញ្ជាក់ថា «ចំពោះការបង្កើតច្បាប់មេដឹកនាំត្រូវមានសញ្ជាតិតែ១នេះ គឺជាការកាត់ផ្តាច់នយោបាយឈ្លានពានត្រជាក់ នៅថ្ងៃអនាគត ផងដែរ ជាពិសេស គឺកាត់ផ្តាច់អ្នកចង់លេបប្រទេសកម្ពុជា តាមរយៈចងសម្ព័ន្ធមេត្រីភាពទ្វេរសញ្ជាតិ»។
ជាងនេះទៅទៀត ប្រធានគណបក្សយុវជនកម្ពុជា ក៏បានគាំទ្រឲ្យមានការបង្កើតច្បាប់មេដឹកនាំត្រូវមានសញ្ជាតិតែ១ ឲ្យបានឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន៕