ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរ នឹងចូលរួមប្រជុំជាន់ខ្ពស់ រំលឹកខួបលើកទី៦០ ការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ

ភ្នំពេញ៖ តាងនាមឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសខ្មែរ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ តុលានេះ បានឲ្យដឹងបន្តថា កិច្ចប្រជុំដែលរៀបចំឡើងដោយសហប្រធាន លោក អ៊ីហាម អាលីយែវ ប្រធានាធិបតីអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូល បក្សសម័្ពន្ធនាពេលបច្ចុប្បន្ន (NAM) និងលោក អាឡិចសាន់ដឺ វូឈីគ ប្រធានាធិបតីស៊ែប៊ី នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការ បញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍សំខាន់ទាំង៥ របស់ NAM រួមមាន៖ ១)ការគោរពបូរណភាពដែនដី និងអធិបតេយ្យភាពគ្នាទៅវិញទៅមក ២)ការមិនឈ្លានពានគ្នាទៅវិញទៅមក ៣) ការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ៤)ផលប្រយោជន៍ស្មើគ្នា និងទៅវិញទៅមក និង៥)សន្តិសហវិជ្ជមាន ដែលគោលការណ៍ទាំង៥នេះ បាននិងកំពុងចូលរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងពិភពលោក។ មានការរំពឹងទុកដែរថា បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សា ផងដែរ។

សេចក្តីថ្លែងការណ៍របស់ លោក អ៊ុច បូររិទ្ធ នឹងផ្តោតជាសំខាន់ទៅលើសារៈសំខាន់នៃ ការគាំទ្រគោលការណ៍ទាំង៥ របស់ NAM និងការប្តេជ្ញាចិត្តចំពោះ ធម្មនុញ្ញអង្គការសហប្រជាជាតិ ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស តួនាទីដ៏ចាំបាច់របស់ NAM និងនីតិរដ្ឋ សម្រាប់បណ្តារដ្ឋតូចៗ វ៉ាក់សាំងពហុភាគីនិយម និងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែង ធ្វើការឆ្លើយតបដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ៕

To Top
×