ព័ត៌មានជាតិ

ឃាត់ខ្លួន ក្រុមប្លន់ប្រដាប់អាវុធម្នាក់ ពាក់ព័ន្ធការប្លន់ម៉ូតូមួយគ្រឿង ពីយុវជន២នាក់ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ជាប់ពាក់ព័ន្ធនឹងករណី ស្ទាក់ប្លន់ម៉ូតូមួយគ្រឿង ពីយុវជនរងគ្រោះ២នាក់ បានសម្រេច ប្រព្រឹត្ត នៅ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា  ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ សាន ម៉េងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិសិរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកឯ បក្ខពួកចំនួន២នាក់ទៀត បានរត់គេចខ្លួន ។

រីឯ ជនរងគ្រោះមានឈ្មោះយឺន កាលីន ភេទប្រុស អាយុ ១៧ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ សុខ ម៉ែន ភេទប្រុស អាយុ ២៣ឆ្នាំ។ ពួកគេទាំង២នាក់ រស់នៅភូមិស្វាយរំពារ៍ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលបាននិយាយថា នៅពេលកើតហេតុនោះ,  ជនសង្ស័យឈ្មោះ សាន ម៉េងហ័ង និងបក្ខពួក២នាក់ទៀត ដែលប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះម៉ូតូមួយគ្រឿងម៉ាក់ប៊ីត ពណ៌ខៀវលាយស ពាក់ស្លាក់លេខ កំពង់ស្ពឺ ១R ៣៨១៥ ទៅចំណុចកើតហេតុខាងលើ និង បានស្ទាក់ប្លន់យុវជន២នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នានោះ- បានសម្រេច។

សមត្ថកិច្ចនគរបាលបានបានបន្តថា ខណៈនោះ, កម្លាំងនគរបាលដែលយាមល្បាតនៅទីនោះ បានអន្តរាគមន៍, ជិះម៉ូតូដេញតាម និង ក្រោយមក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក៏ប៉ុន្តែ ជនសង្ស័យ២នាក់ទៀត បានគេចខ្លួន ដោយសុវត្ថិភាព។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានម៉ូតូ១គ្រឿង និង អាវុធខ្លី ១ដើម។

បច្ចុប្បន្ននេះ,  ជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅឯស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។  ចំណែកបក្សពួករបស់សង្ស័យដែលរត់គេចខ្លួននោះ, ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងតែបើកការស្រាវជ្រាវស្វែងចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ ជាធរមាន៕ដោយ រស្មី អាកាស

To Top