ភ្នំពេញ៖ ក្នុងពិធីបើកយុទ្ធនាការ នៃការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌ៦ នារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ តុលានេះតទៅ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាអនុវត្តន៍បានការ ចាក់វ៉ាក់សាំងមួយយ៉ាងល្អ ហើយបណ្តាប្រទេសមួយចំនួន ហាក់បានកំពុងអនុវត្តន៍តាមផងដែរ។

សម្តេច ទៀ បាញ់ ក៏បានថ្លែងបន្តឲ្យក្រុមការងារ ចាក់វ៉ាក់សាំងទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពការងារ ខ្លាំងខ្លាបន្ថែមទៀត ពិសេសអនុវត្តឲ្យបាន ម៉ឺងម៉ាត់នូវវិធានការ៣កុំ និង៣ការពារ ។

សម្តេចបន្ថែមថា នៅពេលនេះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សម្រេចបានច្រើនភាគរយហើយ ក្នុងនោះរួមមាន ៖ បានចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុពី៦ទៅ១២ឆ្នាំ ចំនួន៩៣,១៨ភាគរយ ។ កុមារអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ចំនួន៨៩,៨១ភាគរយ និង១៨ឆ្នាំឡើងទៅ ចំនួន៩៩,២៤ភាគរយ មានន័យថា ដូចជា១០០ភាគរយទៅហើយ ៕

