នយោបាយ

សម្ដេច ស ខេង បញ្ជាអាជ្ញាធរ ឲ្យប្រយុទ្ធប្រឆាំង បទល្មើស រត់ពន្ធមនុស្ស-គ្រឿងញៀន តាមព្រំដែន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរ ខេត្តរតនគិរីថ្មី ត្រូវប្រយុទ្ធប្រឆាំងបទល្មើស រត់ពន្ធមនុស្ស និងគ្រឿងញៀន នៅតាមបន្ទាត់ព្រំដែន។

ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលខេត្តរតនគិរីថ្មី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា បញ្ហាគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ព្រំដែន គឺជាកិច្ចការងារជាប់ជាប្រចាំ របស់ខេត្តរតនគិរី ព្រោះជាប់ព្រំទល់វៀតណាម និងឡាវ។ សម្ដេច ក៏បានសំណូមពរឲ្យខេត្ត ត្រូវមានទំនាក់ទំនង ជាមួយប្រទេសជិតខាង ដើម្បីការពារបូរណភាពទឹកដី និងសន្ដិភាព។

សម្ដេចបញ្ជាក់ថា «ត្រូវអភិវឌ្ឍន៍ព្រំដែន ដោយសន្ដិភាព ដូចជា ៖ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាដើម ដើម្បីផលប្រយោជន៍ ប្រទេសទាំងសងខាង ដូចជា ៖ កម្ពុជា-វៀតណាម-ឡាវ។ ជាពិសេស អាជ្ញាធរខេត្តរតនគិរី ក៏ត្រូវប្រឆាំងបទល្មើសផ្សេងៗទៀត ដូចជា ៖ រត់ពន្ធមនុស្ស គ្រឿងញៀន ជាដើម ដោយសហការ ជាមួយប្រទេសជិតខាង»។

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុតក្នុងការប្រកបរបរអាជីវកម្មរបស់ពួកគាត់ ដោយធានាឲ្យមាននូវសេចក្តីសុខ និងគ្មានការភ័យខ្លាច ព្រមទាំង ដោះស្រាយបញ្ហាជូនពួកគាត់ភ្លាមៗ បើសិនជួបបញ្ហាអ្វីមួយ។

សម្ដេច បានបញ្ជាក់ថា «ការថែរក្សា និងការពង្រឹងសន្ដិភាព និងស្ថេរភាពនយោបាយ គឺ បម្រើការបោះឆ្នោត ហើយបម្រើជីវិភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាយើង ។ ចឹងទេ បញ្ហានេះ យើងមិនអាចបន្ធូរដៃ ហើយគេហៅថា សន្ដិភាពនិយម ស្ពឹកស្រពន់ មិនទទួលខុសត្រូវ ឬមិនដោះស្រាយទេ ។ ចាំបាច់ត្រូវធ្វើយ៉ាងម៉េច? ដើម្បីប្រជាពលរដ្ឋឲ្យពួកគាត់ រស់នៅប្រកបអាជីវកម្ម ដោយគ្មានការភ័យខ្លាច»។

សម្ដេច បានបន្ថែមថា អាជ្ញាធរទាំងអស់ ត្រូវពង្រឹងបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រោះជាកិច្ចការយ៉ាង សំខាន់ចំពោះការអនុវត្តគោនយោបាយ ភូមិ-ឃុំ មានសុត្ថិភាព៕

To Top