ព័ត៌មានជាតិ

លោក​ សយ​ សុភាព​ ហួសចិត្ត​ ហេតុអ្វី​ល្ងង់ខ្លៅ ឱ្យបរទេស ស្គាល់ខ្មែរ​ តាមចុងកាណុង

ភ្នំពេញ​៖​ លោក​ សយ​ សុភាព​ ប្រធានសមាគមសាព័ត៌មាន​ កម្ពុជា-ចិន បានសោកស្តាយយ៉ាងខ្លាំង​ មិនគួរអ្នកដឹកនាំថតបទចម្រៀងកាយវិការដោយបង្កប់ភាពល្ងង់ខ្លៅ ចង់ឱ្យបរទេសស្គាល់ខ្មែរ ​ តាមរបៀបចុងការណុង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ លោក​ សយ​ សុភាព​ នាព្រឹកថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១​ បានឲ្យដឹងថា​ ថ្មីៗនេះ​ ខ្មែរជាប់ចំណាត់ថ្នាក់ស្នាមញញឹម ល្បីពេញពិភពលោក។ ចុះអ្នកដឹកនាំថតបានតាមដានព័ត៌មាននេះទេ​ ឬមួយរវល់តែងដឹកនាំ ថតរបៀបភ្លីភ្លើបំផ្លាញកិតិ្តយសខ្មែរ។

លោក​ បានបញ្ជាក់ថា​ «យើងទំរាំបានឆ្លងផុត ពីចុងការណុងនេះ ប្រជាជនខ្មែរ ស្លាប់ របួស និង ពិការ រាប់លាននាក់ ប្រទេសហិនហោច ប៊ិះក្លាយជាផ្នែកមួយនៃ សហព័ន្ធឥណ្ឌូចិនបាត់ ទៅហើយ»។

ជាងនេះទៅទៀត​ លោកក៏បានប្រាប់ទៀតថា​ ភាពល្បាញល្បីរបស់ខ្មែរ គឺប្រាសាទអង្គរ និងប្រាង្គប្រាសាទជាច្រើនទៀត នៅពាសពេញប្រទេស សម្បតិ្ត វប្បធម៌ ដ៏មហាសាល​ ជាដេីម។  ជាពិសេស សន្តិភាព មកជំនួសចុង ការណុង។ 

សូមរំលឹកថា​ នាពេលថ្មីៗនេះ មានបទចម្រៀងរបស់ក្រុមហ៊ុនមួយ ដែលមានចំណងជើង ជាភាសាអង់​គ្លេស​ថា «Are you Ok?» បានរងការរិះគន់ខ្លាំងពីសាធារណជន។ ការរិះគន់នេះធ្វើឡើង​បន្ទាប់​ពី​បទ​ចម្រៀង​ «Are you Ok?» បង្ហោះជា​សាធារណៈ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​ចែក​រំលែក​តៗគ្នា ក្រោយពីតារាចម្រៀងដែលច្រៀងបទនេះបាន​យកកាំភ្លើងមក​សម្ដែង ភ្ជាប់​ជាមួយនឹងការស្លៀកពាក់បែបសិស្ស​សាលាកូ​រ៉េ រួមទាំង​មានបង្ហាញ​អក្សរ​ខ្មែរ​ និងអក្សរកូរ៉េនៅលើក្ដារខៀន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×