កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យការរៀបចំ សម្អាតបាញ់ថ្នាំសម្លាប់មេរោគ វិទ្យាល័យ សីហនុ ប្រគល់ឱ្យមន្ទីរអប់រំយុវជននិងកីឡា ដាក់ដំណើរការឲ្យសិស្សចូលរៀន ។

តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាមបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានផ្ទេរអ្នកជំងឺកូវីដ១៩ កម្រិតស្រាល យកទៅព្យាបាល នៅមន្ទីរពេទ្យថ្មីស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម ដើម្បីយកវិទ្យាល័យសីហនុនេះ ប្រគល់ឱ្យមន្ទីរអប់រំយុវជននិងកីឡា ដាក់ដំណើរការ ឲ្យសិស្សចូលរៀនវិញ ក្រោយពេលរៀបចំនិងបាញ់ថ្នាំ សម្លាប់មេរោគរួចរាល់ ។

មន្ត្រីដដែលបានបញ្ជាក់ថា លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យដោយផ្ទាល់ ក្នុងការរៀបចំសម្អាត ពិសេសការបាញ់ថ្នាំ សម្លាប់មេរោគ ក្នុងវិទ្យាល័យសីហនុ ដើម្បីជាទំនុកចិត្ត មុនពេលអនុញ្ញាតឲ្យ សិស្សចូលរៀនវិញ នៅដើមខែវិច្ឆិកា ខាងមុខនេះ ។

មន្ត្រីដដែលបានបញ្ជាក់ផងដែរថា មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំ រួចរាល់ជាស្ថាពរហើយ ដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១០០០នាក់ ៕
