ព័ត៌មានជាតិ

ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន មានបំណងវិនិយោគ លើវិស័យចំនួន៦ នៅកម្ពុជា

ភ្នំពេញ៖ លោក ថេត អូសៀស (Ted Osius) បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។

ការឱ្យដឹងបែបបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបពិភាក្សាការងារជា មួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន តាមប្រព័ន្ធអនឡាយ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ។

ក្នុងជំនួបនោះ លោក ថេត អូសៀស (Ted Osius) រួមជាមួយនឹងសមាជិកក្រុមហ៊ុន ទាំងអស់បាន សម្ដែងនូវការអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បានជោគជ័យ។

លោកក៏បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជា នៅពេលដែលកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះអាស៊ាន នៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជា លើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេល នៃការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ដូចជាជួយកម្ពុជា ក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខ ថាមពលផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះ លោក ថេត អូសៀស (Ted Osius) ដែលត្រូវបានតែងតាំងជា ប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណ ចំពោះសហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ហើយសម្ដេចក៏បាន សម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់នូវ ភាពជឿនលឿនរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ ។

សម្ដេចតេជោ បានជម្រាបជូន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវផែនការចូលរួមដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ របស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះ ទៅមុខរបស់កម្ពុជា ដែលរួមមាន បន្តគ្រប់គ្រងជំងឺកូវីដ១៩ ជំរុញការកែទម្រង់ ផ្នែកធុរកិច្ច ឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញ អ្នកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវសក្តានុពលអំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមជាមួយការអំពាវនាវ ឲ្យវិនិយោគិនសហរដ្ឋអាមេរិក ពិចារណាមកវិនិយោគ នៅកម្ពុជា នាពេលខាងមុខផងដែរ៕

To Top