ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកំណត់ដើមទុន អប្បបរមា សម្រាប់ប្រតិបត្តិការ ល្បែងកាស៊ីណូ ដោយបានកំណត់ដើមទុនអប្បបរមា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែង ពាណិជ្ជកម្ម សមាហរ័ណ ត្រូវមានចាប់ពី ៨០០.០០០.០០០.០០០ (ប្រាំបីរយប៊ីលាន) រៀលឡើងទៅ។
យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលក ម្ពុជា បានឱ្យដឹងថា៖
មាត្រា៤. ដើមទុនអប្បបរមា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ ត្រូវមានចាប់ពី ៨០០.០០០.០០០.០០០ (ប្រាំបីរយប៊ីលាន) រៀលឡើងទៅ ។
មាត្រា៥. ដើមទុនអប្បបរមា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតក្នុង មណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ ត្រូវមានចាប់ពី ៤០០.០០០.០០០.០០០ (បួនរយប៊ីលាន) រៀល ឡើងទៅ។
មាត្រា៦. ដើមទុនអប្បបរមា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុន ច្បាប់ស្តីពីការ គ្រប់គ្រង ពាណិជ្ជកម្មចូលជាធរមាន ត្រូវកំណត់ជា ៥ដំណាក់កាល ដូចខាងក្រោម៖
ដំណាក់កាលទី១៖ នៅឆ្នាំទី១ ត្រូវមានដើមទុនចាប់ពី ៥០.០០០.០០០.០០០ (ហាសិបប៊ីលាន)រៀល ឡើងទៅ។
ដំណាក់កាលទី២៖ នៅឆ្នាំទី៤ ត្រូវមានដើមទុនចាប់ពី ១០០.០០០.០០០.០០០ (មួយរយប៊ីលាន)រៀល ឡើងទៅ។
ដំណាក់កាលទី៣៖ នៅឆ្នាំទី៧ ត្រូវមានដើមទុនចាប់ពី ២០០.០០០.០០០.០០០ (ពីររយប៊ីលាន)រៀលឡើងទៅ។
ដំណាក់កាលទី៤៖ នៅឆ្នាំទី១១ ត្រូវមានដើមទុនចាប់ពី ៣០០.០០០.០០០.០០០ (បីរយប៊ីលាន)រៀលឡើងទៅ។
ដំណាក់កាលទី៥៖ នៅឆ្នាំទី១៥ ត្រូវមានដើមទុនចាប់ពី ៤០០.០០០.០០០.០០០ (បួនរយប៊ីលាន)រៀលឡើងទៅ។
មាត្រា៧.៖ កម្មសិទ្ធិករកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្មចូលជាធរមាន ត្រូវបង្កើនដើមទុន ឱ្យគ្រប់ចំនួន តាមកម្រិតអប្បបរមា ដូចមានចែងក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ទើប មានសិទ្ធិស្នើសុំបន្តសុពលភាព អាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការ ល្បែងកាស៊ីណូបាន៕