ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំក្រសួង-ស្ថាប័ន ពន្លឿនការផ្ទេរទ្រព្យសម្បត្តិ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅចាត់ចែងការងារ (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវពន្លឿនការផ្ទេរទ្រព្យសម្បត្តិ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ សម្រាប់អភិវឌ្ឍមូលដ្ឋាន ។

ក្នុងកិច្ចប្រជុំ លើកទី១៩ របស់ គ.ជ.អ.ប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវបន្ដគាំទ្រ និងបណ្ដុះបណ្ដាល ដល់មន្ដ្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចបំពេញការងារ របស់ខ្លួនស្របតាមរចនាសម្ព័ន្ធ និងប្រព័ន្ធមុខងារថ្មីនានា ដែលផ្ទេរទៅឱ្យ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលខុសត្រូវ ផងដែរ។

សម្ដេច បានបញ្ជាក់ថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពន្លឿនការផ្ទេរទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងមុខងារ ដែលបានផ្ទេរទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវច្បាស់លាល់ ក្នុងការគ្របគ្រង់ ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ សម្រាប់អនុវត្តមុខងារដែលបាន ផ្ទេរឱ្យមានប្រសិទ្ធភាព»។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានលើកឡើងថា ទោះកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានា លើសកលលោក បាននិងកំពុងជួបស្ថានភាពដ៏លំបាក ដោយសារឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះក៏ដោយ ប៉ុន្ដែភាគីពាក់ព័ន្ធ បន្ដរួមសហការគ្នា ក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំង រក្សាបាននូវនិរន្ដរភាព នៃការបំពេញការងារ តាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹង ការជំរុញកិច្ចដំណើរការ កំណែទម្រង់នានាផងដែរ ៕

To Top