ព័ត៌មានជាតិ

ក្តៅៗ! ឃុំខ្លួនថៅកែទិញ-លក់រថយន្តម្នាក់ ពាក់ព័ន្ធការចេញសែកស្អុយ ជាង ២០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ អោយឃុំខ្លួនបុរសត្រូវចោទម្នាក់ ដែលជាថៅកែ រកស៊ីទិញ-លក់រថយន្ត និងបានបញ្ជូនទៅឃុំជា បណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន» ជាប់ពាក់ព័ន្ធនឹងករណី ប្រើប្រាស់មូលប្បទានប័ត្រ អត់មានសាច់ប្រាក់ (សែកស្អុយ) ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនត្រូវចោទ ដែលជាថៅកែទិញ-លក់រថយន្ត រូបនេះមានឈ្មោះ ផាត វុទ្ធី ហៅជ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនត្រូវចោទត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី យោងតាមដីកាតុលាការ និងតាមពាក្យបណ្តឹង របស់អ្នកស្រី គិត ផល្លី ជាភាគីដើមបណ្ដឹង ដែលប្តឹងគាត់ កាលពីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយចោទប្រកាន់់ថា បានចេញសែកស្អុយ លើទឹកប្រាក់ជាង ២០ម៉ឺនដុល្លារអាមេរិក (២១.២១៨០ដុល្លារ) ដើម្បីទូទាត់ប្រាក់ជំពាក់ និងមិនព្រមសងលុយជំពាក់ ប៉ុន្តែសុទ្ធតែជាសែកស្អុយ។

យោងតាមពាក្យបណ្តឹងរបស់ភាគីដើចោទ បានអោយដឹងថា នៅក្នុងឆ្នាំ២០២០ ឈ្មោះ ផាត វុទ្ធី បានទៅខ្ចីប្រាក់ពី ម្ចាស់បំណុលចំនួន ៣លើក សរុបជាទឹកប្រាក់ ៦៤ ម៉ឺន ៣៣០០ដុល្លារអាមេរិក ដើម្បីយកទៅទិញរថយន្តចំនួន ១១គ្រឿង ដើម្បីដាក់តាំងលក់ បានផលចំណេញរួចយកប្រាក់ ទៅសងដើមបណ្តឹងវិញ ។

តែក្រោយមក គឺនៅពេលសងបំណុល, ឈ្មោះ ផាត វុទ្ធី បានបង្វិលប្រាក់ឲ្យទៅដើមចោទ មិនគ្រប់ចំនួននោះទេ គឺនៅខ្វះជាង ២០ម៉ឺនដុល្លារអាមេរិកទៀត។

នៅពេលនោះ គាត់បានចេញមូលប្បទានប័ត្រចំនួន ២សន្លឹក ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារអាមេរិក ឲ្យទៅភាភាគីដើមបណ្តឹ ដើម្បីទូរទាត់ប្រាក់បំណុល ។ តែគាត់មិនមានទឹកប្រាក់ ក្នុងគណនីធានាគារនោះរបស់គាត់នោះទេ៕

ដោយៈ រស្មី អាកាស

To Top
×