ព័ត៌មានជាតិ

ទឹកស្ទឹងព្រែកត្នោត នឹងស្រកចុះ ជាបណ្តើរៗ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅតាមដងស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ២៦ខែតុលានេះ នឹងឈានទៅដល់ការស្រកចុះបណ្តើរៗ ។

យ៉ាងណាមិញ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងធនធនទឹក អាជ្ញាធរទន្លេសាប និងកងអង្គរក្សសម្ដេចតេជោ ហ៊ុនសែន នៅតែបន្តធ្វើសកម្មភាពទប់ទំនប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ឲ្យបាននូវការបាក់ទំនប់ បង្កគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋ។

នេះជាការបញ្ជាក់ របស់លោក ឃួងស្រេង ក្នុងពេលលោកដឹកនាំកម្លាំងមានសមត្ថកិច្ច ទប់ទំនប់ការពារទឹកជំនន់ តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី២៦ខែតុលានេះ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃនេះ គឺស្ថានភាពទឹកនៅកំពង់ស្ពឺ បានស្រកចុះចំនួន២ហ៊ុនហើយ ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញយើងវិញ ស្ថានភាពទឹកមានស្ថានភាពនឹង ។ ប៉ុន្តែបើទោះបីជាយ៉ាងក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញនៅតែសហការជាមួយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បន្តទប់ទំនប់នេះ ដើម្បីការពារ ការបាក់នាំឲ្យមាន គ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះដែរ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់ស្ថានភាពទឹក ដែលបានហក់ឡើងឡើងនេះ ប្រមាណជា១សប្តាហ៍មកហើយ ដោយត្រៀមធ្វើការបញ្ជូនកុមារ ក្មេងតូចៗ នឹងមនុស្សចាស់ជរាទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីការពារអាយុជីវិត ទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕

To Top