ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឱ្យពង្រឹងសមត្ថភាព ព្យាបាលអ្នកជំងឺកូវីដ ខណៈភាគរយនៃការស្លាប់ខ្ពស់

ភ្នំពេញ៖ ត្រឹមរយៈពេល៣ខែតែប៉ុណ្ណោះ កម្ពុជាបានបាត់បង់ជីវិតប្រជាពលរដ្ឋ ដោយសារជំងឺកូវីដ១៩ សរុបជាង២ពាន់នាក់ ដែលជាភាគរយខ្ពស់ នៃប្រជាជនសរុប បើប្រៀបធៀបទៅនឹង បណ្ដាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិកនិងឥណ្ឌា។

ដោយពិនិត្យមើលឃើញពីសភាពការនេះ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលការពង្រឹងសមត្ថភាព នៃការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមមណ្ឌលឬមន្ទីរពេទ្យនានា។

ការដាក់បទបញ្ជានេះ ស្របពេលដែល អ្នកជំងឺកូវីដ១៩ រាប់ពាន់នាក់ បានកំពុងបន្តស្នាក់នៅ ព្យាបាលតាមមន្ទីរពេទ្យ រាជធានី-ខេត្ត។
សម្ដេចតេជោ បញ្ជាក់ថា «គិតពីចំនួនអ្នកឆ្លង សរុប១១៨ ៥២២នាក់ ក្នុងនោះបានស្លាប់២ ៧៨៨នាក់ ស្មើ២.៣៥% នៃអ្នកឆ្លងសរុប វាចំនួនមួយដែលត្រូវយកចិត្តទុកដាក់»។

ដើម្បីបញ្ចប់ការភ័នច្រឡំ អំពីការយកប្រទេសណាមួយ យកមកប្រៀបធៀប នៃការឆ្លងឬស្លាប់ ដោយសារជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន ថាមិនអាស្រ័យលើចំនួនអ្នកឆ្លងឬស្លាប់ ទាំងនោះទេ គឺត្រូវពិនិត្យមើលចំនួនប្រជាជនសរុប នៃបណ្ដាប្រទេសទាំងនោះ ទើបអាចដឹងថា ប្រទេសណាមួយ មានអត្រាឆ្លងនិងស្លាប់ ច្រើនជាងគេនោះ ។

សម្ដេចតេជោ ថា «សូមកុំគិតថា ប្រទេសវៀតណាមនិងថៃ មានករណីស្លាប់ច្រើនជាងយើង រឿងអីដែលយើងត្រូវខ្វល់។ អត់ទេ! យើងត្រូវពង្រឹងសមត្ថភាព ក្នុងការព្យាបាល»។

សម្ដេចបញ្ជាក់ថា «ភាគរយឆ្លងមិនមែនជា ការព្រួយបារម្ភពេកនោះទេ តែភាគរយអ្នកស្លាប់ គឺជាភាគរយដែលត្រូវបារម្ភ ដែលត្រូវពង្រឹងសមត្ថភាពក្នុងការព្យាបាល»៕

To Top