ព័ត៌មានជាតិ

ចាប់ពីថ្ងៃស្អែក សីតុណ្ហភាពនៅកម្ពុជា នឹងចុះត្រជាក់បន្តិច និងអាចមានភ្លៀងធ្លាក់ កម្រិតខ្សោយទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ អាចនឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ (ថ្ងៃទី៣-៩ ខែវិច្ឆិកា) កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖

-នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន។
-នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាប៉ាស៊ីហ្វិក។

ក្រសួងព្យាករបន្ថែមថា ចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះបន្តិច (រយៈពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០-២២ °C។ រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
  • អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ ក្នុងនោះបណ្តារាជធានីខេត្តនៅ ភាគខាងក្រោមនឹងបណ្តាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម អាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្គួរ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • អាចនឹងមានភ្លៀងធ្លាក់តិចតួច។

៣៖ តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °c
  • អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ៕
To Top