ភ្នំពេញ ៖ លោក សេង សុមុនី អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានសំណូមពរដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់វិធានការទៅលើយុវជនម្នាក់ស្លៀកស្បង់ចីពររាំលេង និងមានស្រ្តីវ័យក្មេងម្នាក់ទៀត រាំអមជាមួយក្នុងបណ្តាញសង្គម Tik Tok ។

បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម Tik Tok ជាសាធារណៈ ដោយចែកចាយបន្តយ៉ាងព្រោងព្រាត ស្អាតស្រស់ និងប្រុសស្អាតដែលជាអ្នករាំច្រៀងនោះ បានចេញវិដេអូសុំទោសជាសាធារណៈ នៅតាមបណ្តាញអាខោនហ្វេសប៊ុកឈ្មោះ ភី សម័យ ថា ខ្លួនសុំទោសដែលបានថត Video Tik Tok មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើឲ្យពលរដ្ឋខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ។ នាងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងអភ័យទោសដល់ពួកគេ ។

ក្រោយចេញវិដេអូសុំទោសនេះ ហើយមានមតិជាច្រើនបានបញ្ចេញថា ឲ្យតែធ្វើខុសអាងចេញវិដេអូសុំទោស ហើយចឹងតើតម្លៃរបស់ខ្មែរបាត់បង់ដោយសារតែទង្វើមិនគប្បីទាំងនេះជារឿយៗ?

បើតាមលោក សេង សុមុនី ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២ វិច្ឆិកា នេះ គឺថាសកម្មភាពរបស់យុវជន និងយុវតីនេះ បានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាខ្មែរដែលជាសាសនារបស់រដ្ឋខ្លាំង ។
លោកថា ក្រោយបានឃើញសកម្មភាពមិនគប្បីរបស់ពួកគេហើយ ខាងក្រសួង ក៏ដូចជាគណៈសង្ឃមានការខកចិត្ត មិនគួរពួកគេធ្វើអ្វីមិនគិត នាំឲ្យខូចតម្លៃព្រះពុទ្ធសាសនាបែបនេះសោះ ។

បើតាមលោក សេង សុមុនី បទល្មើសប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក្នុងជំពូកទី៥ ត្រង់មាត្រា៥០៨ បទស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិបានចែងថា “ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ទៅ៣ខែ និងពិន័យជាប្រាក់ពី១០ម៉ឺន ទៅ៥០ម៉ឺនរៀល អំពីស្លៀកដណ្តប់ជាសាធារណៈដោយគ្មានសិទ្ធិនឹងស្លៀកដណ្តប់នូវស្បង់ចីពរសម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា” ។

ដោយយោងតាមបទល្មើសនេះ លោកបានសំណូមពរសមត្ថកិច្ចចាត់វិធានការជាបន្ទាន់។ អ្នកនាំពាក្យបញ្ជាក់ថា “ចឹងអ្វីដែលមានចែងក្នុងច្បាប់នេះ ខាងក្រសួងធម្មការ មានតែសំណូមពរទេ មិនមានសមត្ថកិច្ចថា ទៅហាមឃាត់ ឬក៏ទៅចាប់ ឬក៏ទៅអីនោះ ។ គឺថាអត់មានដែនសមត្ថកិច្ចរបស់ធម្មការគឺមិនមានទេ មានតែស្ថាប័នពាក់ព័ន្ធផ្សេងៗទេ ដូចជាសមត្ថកិច្ចខាងតុលាការ ប៉ូលីស លោកមានសមត្ថកិច្ចអនុវត្តតាមនីតិវិធី ។ បានន័យថា អនុវត្តតាមច្បាប់ តាមមាត្រា៥០៨នៃក្រមព្រហ្មទណ្ឌហ្នឹងទៅ” ៕
