ព័ត៌មានជាតិ

ក្រសួងការងារប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតា​ម​ច្បាប់​អន្តរជាតិ។ នេះបើតាមញត្តិគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

តាមរយៈញត្តិគាំទ្រក្រសួងការងារបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ សូម​ប្រកាស​គាំទ្រយ៉ាងឱឡារិកចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្ត មិនងាករេក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីកសាងសន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ»។ 

ការប្រកាសគាំទ្រនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ផ្ញើសេចក្តីថ្លែងការណ៍ពិសេស​ជូនជនរួម​ជាតិ​កម្ពុជា ស្តីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ” ដោយប្រើ​ប្រាស់យ​ន្តការ​ផ្សះ​ផ្សា​ដោយប​ង្ខំ ក្រោមអនុសញ្ញាអ​ង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ ពីអនុ​ស្សរ​ណៈ​នៃការយោ​គយល់គ្នារវាងកម្ពុជា-ថៃ (MOU2០០1) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា​នៅក្នុងឈូងសមុទ្រថៃ (ដែលភា​គីថៃ​ហៅ​កាត់​ថា MOU44)។ 

តាមរយៈញត្តិគាំទ្រក្រសួងការងារបានឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2001) នេះ បានដើរតួនាទី​យ៉ាងសំ​ខាន់​ក្នុង​ក្របខណ្ឌ ទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយព្រំដែនសមុទ្រ និងតំបន់ទាមទារ ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​អស់រយៈ​ពេល​ជាង ២៥​ឆ្នាំកន្លងមកនេះ។ 

ញត្តិគាំទ្រក្រសួងការងារបញ្ជាក់ថា៖«ការចូលជាធរមាននៃអនុស្សរណៈនៃការ យោគយល់គ្នានេះបានសប​ញ្ជាក់ឱ្យ​ឃើញ​អំពីស្មា​រតីនៃ​កិច្ចស​ហ​ប្រតិបត្តិ​ការ និងសុច្ឆន្ទៈរវាងរដ្ឋទាំងពីរ។ ប៉ុន្ត ការណ៍ដែលភាគីថៃសម្រេចដកខ្លួនចេញដោយឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជា​កា​របោះបង់ ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់»។

ប្រភពដដែលន្ថែមថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម អនុសញ្ញាអ​ង្គការស​ហ​ប្រ​ជា​ជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាការដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់អន្តរជាតិ និងសុច្ឆ​ន្ទៈពិត​ប្រា​កដ​ដែ​លនឹ​ង​អនុញ្ញាតឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនអាចរស់នៅជាមួយគា្នដោយសន្តិភាព និងសេចក្តីសុខយូរអង្វែង៕

To Top