ព័ត៌មានជាតិ

មន្ត្រីជំនាញខេត្តព្រះវិហារ បើកប្រតិបត្តិការបង្ក្រាបត្រាក់ទ័រឈូសឆាយដីព្រៃរដ្ឋ ខណៈខ្សែញាក់កាងពីក្រោយត្រូវបានផ្លាស់ប្តូរតំណែង

ខេត្តព្រះវិហារ៖ វិធានការច្បាប់យ៉ាងក្តៅគគុកមួយត្រូវបានអនុវត្ត ទៅលើក្រុមជនខិលខូចដែលលួចរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្ទាប់ពីឥទ្ធិពលរបស់អ្នកមានអំណាចកាងពីក្រោយខ្នង ត្រូវបានកាត់ផ្តាច់។

កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤៦ នាទីយប់ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ០៣ នាក់ មកពីស្នាក់ការតាកឹង ក្នុងកំឡុងពេលចុះល្បាតយ៉ាងសកម្ម បានប្រឈមមុខនិងបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា នូវសកម្មភាពឈូសឆាយ និងភ្ជួររាស់ដីព្រៃខុសច្បាប់មួយកន្លែង ដែលការរុករានទន្ទ្រាននេះបានអូសបន្លាយពេលអស់រយៈពេល ២ ឆ្នាំមកហើយ។

ក្នុងប្រតិបត្តិការភ្លាមៗនោះ មន្ត្រីជំនាញបានធ្វើការឃាត់ទុកនូវត្រាក់ទ័រម៉ាក គូបូតា (Kubota) ស៊េរី M8800 ចំនួន ០១ គ្រឿង ដែលកំពុងធ្វើសកម្មភាពល្មើស។

បើយោងតាមប្រភពព័ត៌មាន និងការអះអាងពីប្រជាពលរដ្ឋមូលដ្ឋាន បានឱ្យដឹងថា សកម្មភាពលួចឈូសឆាយទន្ទ្រានយកដីសាធារណៈរបស់រដ្ឋនៅទីតាំងខាងលើ មិនមែនជាទង្វើដែលគ្មានបង្អែកនោះឡើយ។  កាលពីដើមឡើយ បទល្មើសនេះត្រូវបានការពារ និងកាងពីក្រោយដោយបុគ្គលមានអំណាចម្នាក់ ដែលធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីជំនាញថ្នាក់ក្រោម មានការកោតខ្លាច និងមិនហ៊ានចេញមុខបង្ក្រាបយ៉ាងដាច់ខាតនោះទេ។

ទោះជាយ៉ាងណា របាំងឥទ្ធិពលនេះត្រូវបានដកចេញ បន្ទាប់ពីបុគ្គលមានអំណាចរូបនោះ ត្រូវបានផ្លាស់ប្តូរភារកិច្ចចេញពីទឹកដីខេត្តព្រះវិហារ។ ការផ្លាស់ប្តូរនេះ បានបើកផ្លូវឱ្យមានការអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការលើកលែង។

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏មានប្រសិទ្ធភាពនេះ ដឹកនាំដោយ លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងមានការសម្របសម្រួលនីតិវិធីច្បាប់ផ្ទាល់ពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ ផងដែរ។

បច្ចុប្បន្ន វត្ថុតាងត្រាក់ទ័រដែលបានឃាត់ទុក ត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ 

កិច្ចប្រតិបត្តិការយប់រំលងអធ្រាត្រនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរខេត្តព្រះវិហារ ក្នុងការការពារសម្បត្តិធម្មជាតិរបស់រដ្ឋ និងការអនុវត្តច្បាប់ដោយគ្មានការយោគយល់ ទោះបីជាបទល្មើសនោះធ្លាប់មានជាប់ពាក់ព័ន្ធនឹងអ្នកមានឥទ្ធិពលកាងពីមុនក៏ដោយ៕

ដោយ៖ សួន ពិសិត ដើមអម្ពិល

To Top