ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន និងលោកសៅ សុខា នាំអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករមាសហែក

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមដំណើរដោយ នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែក អំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បាននាំមកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីបានថ្លែងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ខណៈដែលសាលារៀន ត្រូវបានបើកឲ្យដំណើរការឡើងវិញ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១៕

To Top