ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ យើងមិនអាចបន្តរស់នៅក្នុងប្រអប់ នៃជំងឺកូវីដ-១៩ បានទៀតនោះទេ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន​ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា យើងមិនអាចបន្តរស់នៅក្នុងប្រអប់ នៃជំងឺកូវីដ-១៩ បានទៀតទេ ព្រោះថាបើនៅបន្តទៀត នោះមិនយូរមិនឆាប់ យើងនឹងក្ស័យមិនខាន។

ថ្លែងក្នុងឱកាសនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោកយាយ សុខ ផាត់ អាយុ៨៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំលេខរៀងទី១០លាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ការបន្តរស់នៅក្នុងប្រអប់ នៃវីរុសកូវីដ-១៩ គឺស្មើនឹងរង់ចាំសេចក្តីស្លាប់ដូច្នេះដែរ ដូចនេះហើយទើបសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ សម្រេចប្រកាសបើកឡើងវិញ នូវដំណើរការសង្គមទាំងមូល ដើម្បីជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ច ដែលនេះគឺជាការសម្រេចចិត្តក្នុងដំណាក់ កាលមួយដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់សម្តេចតេជោ។ ហើយបន្ថែមពីនោះ គឺជាអ្វីដែលយើងត្រូវរៀនសូត្រ រៀនរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំង ការរាតត្បាតជាមួយនឹងជំងឺនេះ»។

លោកស្រីបន្តថា កម្ពុជាយើងមិនអាចបន្តសំងំស្ងៀមនោះទេ ដោយត្រូវធ្វើយ៉ាងណាក៏ដោយ ត្រូវតែរៀនសូត្រពីវីរុសនេះផង រៀនពីវិធីគ្រប់គ្រងផង និងត្រូវតែរកវិធីដើម្បីដើរចេញ ពីប្រអប់វីរុសនេះផង ដែលនេះជាចំណុចល្អមួយ ដែលយើងទាំងអស់គ្នាទន្ទឹងរង់ចាំ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង បានទទួលជោគជ័យ ដោយអាចស្រោចស្រព ទូទាំងប្រទេសដល់ក្រុមគោលដៅទាំងអស់។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះទទួលខុសត្រូវដោយខ្លួនឯង និងសហគមន៍ត្រូវចូលរួមចំណែក នៅក្នុងការចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ផងដែរ បន្ទាប់ពីប្រទេសរបស់យើងបានវិលត្រលប់ មកកាន់ប្រក្រតីភាពថ្មី តាមបែបគន្លងថ្មី ដោយមិនត្រូវធ្វេសប្រហែស ឬយល់ច្រឡំ ឬបោះបង់ចោល ដោយភ្លេចអនុវត្តវិធានការការពារខ្លួន ជាពិសេសគឺ ៣កុំនិង៣ការពារ នោះទេ។

ពាក់ព័ន្ធករណីនេះ លោកស្រី បានពន្យល់ថា «សូមបងប្អូនកុំយល់ច្រឡំ! យើងវិលទៅវិញមែន ប៉ុន្តែមិនមែនវិលទៅរកស្ថានភាពមុនកម្ពុជាមានវីរុសកូវីដ-១៩នោះទេ គឺយើងវិលទៅរកស្ថានភាពរស់នៅធម្មតា តាមបែបប្រក្រតីភាពថ្មី។ មានន័យថាបងប្អូនប្រកបរបររកស៊ីទទួលទាន ការធ្វើដំណើរ ឬសកម្មភាពប្រចាំថ្ងៃជាធម្មតាជាដើម តែត្រូវប្រកាន់ភ្ជាប់នូវវិធានការការពារខ្លួនឱ្យបានជាប់លាប់»។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ផងដែរថា វ៉ាក់សាំងនូវតែជាឧបករណ៍ ដ៏សំខាន់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាត ក៏ដូចជាភាពធ្ងន់ធ្ងរនៃសុខភាព ហើយក៏ជាយុទ្ធសាស្រ្តទី៦ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដូច្នេះហើយ លោកស្រី នៅតែអំពាវនាវ ដល់បងប្អូន ដែលនៅសេសសល់មិនទាន់បានមកទទួលវ៉ាក់សាំង និងអាណាព្យាបាលដែលមានបុត្រអាយុ ៥ឆ្នាំ សូមនាំកូនសូមមកទទួលវ៉ាក់សាំង តាមមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត បើទោះជាយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើងបានបិទបញ្ចប់ក្តី៕

To Top
×