ព័ត៌មានជាតិ

នាយកប្រតិបត្តិ កម្មវិធី Educate A Child រំភើប ចំពោះកម្ពុជា បើកសាលារៀនឡើងវិញ

ភ្នំពេញ ៖ ខណៈកម្ពុជា បានបើកសាលារៀន ឡើងវិញនាថ្ងៃ១ វិច្ឆិកា នោះ លោកស្រីបណ្ឌិត Mary Jo Pigozzi នាយកប្រតិបត្តិ នៃកម្មវិធី Educate A Child បានមានប្រសាសន៍ថា «យើងពិតជាមានចិត្តរំភើប រីករាយឥតឧបមា ចំពោះការអភិវឌ្ឍន ជាវិជ្ជមាន ក្នុងការបើកសាលារៀន នៅទូទាំងប្រទេសកម្ពុជានេះ” ។ នេះបើយោងតាមសេចក្តី ប្រកាសរបស់អង្គការ អេដ អេ អាក់ស្យុង (Aide et Action) ។

Educate A Child ជាកម្មវិធី ជាសកល របស់អង្គការ Education Above All Foundation ដែលបានផ្តល់ នូវទឹកប្រាក់ ចំនួនប្រហែល ២១ លានដុល្លារ បន្ថែមទៀត ដើម្បីធានានូវការទទួល បានការអប់រំ ដែលមានគុណភាព ប្រកប ដោយសមធម៌ សម្រាប់កុមារជួបការលំបាក បំផុតនៅកម្ពុជា ។ Educate A Child គឺជាដៃគូជាមួយអង្គការ អេដ អេ អាក់ស្យុង (Aide et Action) ដែលបានបង្កើតគម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារ បាត់បង់ឱកាសនៅកម្ពុជា»។

គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំ ដល់កុមារបាត់បង់ ឱកាសនៅកម្ពុជា» ក៏បានគាំទ្រដល់ដំណើរការ បើកសាលារៀនឡើងវិញ របស់ប្រទេសកម្ពុជាផងដែរ ។

លោកស្រីបណ្ឌិត Mary Jo Pigozzi បន្តថា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកំឡុងវិបត្តិកូវីដ-១៩ លោកស្រី រួមជាមួយ នឹងដៃគូ គឺអង្គការ Aide Et Action និងគម្រោង “ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា” បានតាមដានស្ថានការណ៍យ៉ាងម៉ត់ចត់ ដោយរំពឹងទុកថា នឹងមានឱកាសនេះ មកដល់នៅពេលណាមួយមិនខាន។ លោកស្រីថា ឥឡូវនេះ បានមកដល់ហើយ ដោយគ្រប់គ្នា នៅតែបន្តធ្វើការ ដើម្បីធានាការ ចូលរៀនឡើងវិញ ក្នុងអន្តរកាលនេះ ប្រព្រឹត្តទៅដោយរលូន តាមដែលអាចធ្វើទៅបាន តាមរយៈការកែលម្អបរិស្ថានថ្នាក់រៀន ការបណ្តុះបណ្តាលគ្រូ និងការផ្តល់សម្ភារៈសិក្សាជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ជាមួយ នឹងការ គាំទ្រ ពីរាជរដ្ឋាភិបាល និងដៃគូចម្រុះពីវិស័យផ្សេងៗ គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាស អប់រំ ដល់កុមារបាត់បង់ ឱកាសនៅកម្ពុជា» ប្តេជ្ញាប្រមូលកុមារចំនួន ១១៦,០០០ នាក់ នៅទូទាំង២៥ រាជធានី-ខេត្តបានចូលរៀន នៅត្រឹមឆ្នាំ ២០២៤។

គួររំលឹកថា តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ ដូចជា ការផ្តល់ជាសម្ភារៈសិក្សាដល់កុមារា និងកុមារី ដែលជួបការលំបាកបំផុត ការគាំទ្រកម្មវិធី សិក្សាថ្នាក់ពន្លឿន កម្មវិធីថ្នាក់សមមូល សម្រាប់កុមារលើសអាយុ គាំទ្រការបើកថ្នាក់សមា-ហរណកម្ម សម្រាប់កុមារដែលមានពិការភាពនៅតាមគ្រឹះស្ថានសាធារណៈ និងការបង្កើតកម្មវិធីដែលអាចប្រើជាលក្ខណៈឌីជីថល ឬតាមទូរស័ព្ទឆ្លាតវៃ៖ ខ្មែររៀនអាន «Khmer Rean Arn» និង បណ្ណាល័យខ្មែរ «Khmer Library» ដែលមានខ្លឹមសារជាច្រើនសម្រាប់ជាជំនួយដល់កុមារកម្ពុជាក្នុងការការសិក្សា និងការអាន។

ដោយមានកិច្ចខិតខំប្រឹងប្រែងទ្វេរដងដើម្បីធានានូវការបន្តការអប់រំក្នុងកំឡុងពេលដែលសាលារៀននៅកម្ពុជាត្រូវបានបិទទ្វារដោយសារវិបត្តិកូវីដ-១៩ គម្រោង «ដៃគូរួមគ្នាផ្តល់ ឱកាសអប់រំដល់ កុមារ បាត់បង់ ឱកាសនៅកម្ពុជា» បានផ្តល់វិទ្យុ ចំនួនជាង ៤០០០ គ្រឿងទៅដល់សិស្សជនជាតិដើម ភាគតិចនៅខេត្តរតនៈគិរី មណ្ឌល គិរី និងក្រចេះ ដើម្បីឱ្យពួកគេនៅតែអាចបន្តការរៀន កម្មវិធីអប់រំពហុភាសា តាមរយៈការចាក់ផ្សាយតាមវិទ្យុ ជាភាសាជនជាតិដើមភាគតិច។

ដើម្បីជួយសម្រួលដល់គ្រូបង្រៀន អ្នកអាណាព្យាបាល និងកុមារសម្រាប់ការ សិក្សាពីចម្ងាយ គម្រោងក៏បានបង្កើតនូវឯកសារ ជាលក្ខណៈអនឡាញ ជាច្រើនសម្រាប់ការរៀន និងបង្រៀន ដែលអាចស្វែងរកបានយ៉ាងងាយស្រួល និងទាញយកបានដោយឥតគិតថ្លៃ ។ រហូតមកដល់សព្វថ្ងៃនេះ មានឯកសារសម្រាប់ការបណ្តុះបណ្តាលគ្រូចំនួន ៤៣ ខ្លឹមសារ សៀវភៅចំនួន ២៣៤៤ ចំណងជើង ដោយក្នុងនោះមានសៀវភៅចំនួន ៥៧២ ក្បាលជាសៀវភៅសំឡេង (Audiobooks) ៕

To Top