ព័ត៌មានជាតិ

អនុព័ន្ធយោធាមហាអំណាច ជឿថាកិច្ចសហប្រតិបត្តិការ កងទ័ព កម្ពុជា-ចិន នឹងឈានដល់ កម្រិតថ្មីមួយទៀត (Video)

ភ្នំពេញ៖ លោក Zhu Shuaifei អនុព័ន្ធយោធាស្តីទីនៃស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នា រវាងមិត្តភាព កម្ពុជា-ចិន កិច្ចសហប្រតិបត្តិការនៃកងទ័ពទាំងពីរ នឹងឈាន ដល់កម្រិតថ្មីមួយទៀត។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។

ការបង្ហាញជំនឿបែបនេះ ធ្វើឡើងក្នុងឱកាស អនុព័ន្ធយោធាស្តីទី រូបនេះ ចូលជួបសម្តែងការគួរសម ជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យកម្ពុជា និងថ្ងៃបង្កើតកងទ័ពខេមរភូមិន្ទ។

ក្នុងជំនួបនេះ លោក Zhu Shuaifei បានវាយតម្លៃខ្ពស់ អំពីទំនាក់ទំនងមិត្តភាព រវាងកងទ័ពទាំងពីរ។ លោកមានប្រសាសន៍ថា ក្រោយពីមានការផ្ទុះឡើងនូវ ជំងឺវីរុសកូវីដ១៩មក កងទ័ពរំដោះប្រជាជនចិន បានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដចំនួន៣លើក ដែលមានចំនួនសរុប១.១លានដូសដល់កងយោធពលខេមរភូមិន្ទ និងបានចាត់បញ្ជូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុសដំបូងគេលើពិភពលោកមកកាន់ប្រទេសកម្ពុជា នេះបានក្លាយជាគំរូ នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងកងទ័ពទាំងពីរ។

លោកបានថ្លែងអំណរគុណ ដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលតែងតែគាំទ្រដល់កិច្ចសហប្រតិបត្តិការយោធារវាងចិន-កម្ពុជា។ លោកជឿថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការនៃកងទ័ពទាំងពីរ លើបណ្ដាវិស័យនឹងឈាន ដល់កម្រិតថ្មីមួយទៀត។

ផ្ទាំងពាណិជ្ជកម្ម

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា ប្រទេសនិងកងទ័ពទាំងពីរ គឺជាមិត្តដែកថែប។ ភាគីទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមក គោរពដោយស្មើភាពគ្នា និងទំនាក់ទំនងដោយស្មោះលើកិច្ចការក្នុងតំបន់និងអន្តរជាតិ បានយកសកម្មភាពជាក់ស្តែងបង្ហាញពីទ្រឹស្តីនៃសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។ ដោយសារប្រសិទ្ធភាពវ៉ាក់សាំងកូវីដដែលភាគីចិនបានផ្តល់ជូនជាច្រើន កម្ពុជាបានក្លាយ ជាប្រទេសមួយ ដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ក្នុងតំបន់និងពិភពលោក និងបានបើកប្រទេសសាជាថ្មីកាលពីថ្ងៃទី១ខែវិច្ឆិកា ភាគីកម្ពុជាសូមថ្លែងអំណរគុណដោយស្មោះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តថា កងទ័ពចិនតែងផ្តល់ជំនួយ តាមគ្រប់មធ្យោបាយដល់វិស័យជាច្រើន ក្នុងប្រទេសកម្ពុជា ដូចជាបរិក្ខារសព្វាវុធ ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលជាដើម ដើម្បីកសាងអភិវឌ្ឍបណ្ដាកងទ័ពយោធាក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា កងទ័ពយោធាកម្ពុជា បានចាត់ទុកភាគីចិនជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ឱ្យទទួលបានការអភិវឌ្ឍន៍ កាន់តែច្រើន៕

To Top
×