ព័ត៌មានជាតិ

រូបថតមួយសន្លឹក ផ្លាស់ប្ដូរវាសនា កុមារាកំសត់ គង់ សីហា (Video)

ភ្នំពេញ៖ ក្រោយផ្ទុះនូវរូបភាព មួយសន្លឹករបស់កុមារា គង់​ សីហា​ ដែលបង្ហាញពីការ ចង់សិក្សាទោះក្នុងស្ថានភាពខ្វះខាត ដោយមានសម្លៀកបំពាក់ មិនសូវល្អ ឈរដោះស្បែកជើង និងមានចងព្យួរស្បោង កាតចាក់វ៉ាក់សាំង នៅនឹងក របស់កុមារា បានបណ្ដាលឱ្យសាធារណជន ព្រមទាំងថ្នាក់ដឹកនាំ មានការចាប់អារម្មណ៍ និងបានផ្ដល់ជំនួយជាច្រើន ក្នុងការការលើកទឹកចិត្ត កុមារាម្នាក់នេះ ឱ្យខិតខំរៀនសូត្របន្តទៀត។

ជាក់ស្ដែង នៅថ្ងៃទី៣ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ថវិកាចំនួន ២០លានរៀល, គ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់មួយចំនួន និងផ្ទះមួយខ្នងជូនក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ។

ដោយឡែកគេ ក៏បានសង្កេតឃើញថា មាន មន្រ្តី ព្រះសង្ឃ និងសប្បុរសជន មួយចំនួនផ្សេងទៀត ចូលរួមឧត្ថម និងលើកទឹកចិត្តដល់ គង់ សីហា និងក្រុមគ្រួសារ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា កុមារា គង់ សីហា មានអាយុ៧ឆ្នាំរស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សីហា រៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយ ជាកសិករដើរប្រវាស់ដីស្រែគេធ្វើ នៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួន សម្រាប់ធ្វើនោះទេ ៕

To Top
×